លោកុប្បត្តិ 48 - ព្រះគម្ពីរខ្មែរសាកលយ៉ាកុបឲ្យពរអេប្រាអិម និងម៉ាណាសេ 1 ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។ 2 មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។ 3 យ៉ាកុបនិយាយនឹងយ៉ូសែបថា៖ “ព្រះដ៏មានព្រះចេស្ដាបានលេចមកដល់យើងនៅលូសក្នុងដែនដីកាណាន ហើយព្រះអង្គបានប្រទានពរយើង 4 ដោយមានបន្ទូលថា: ‘មើល៍! យើងនឹងធ្វើឲ្យអ្នកចម្រើនឡើង ហើយកើនចំនួនឡើង។ យើងនឹងធ្វើឲ្យអ្នកទៅជាសហគមន៍នៃជាតិសាសន៍នានា ហើយប្រគល់ទឹកដីនេះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច’។ 5 ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។ 6 ចំពោះកូនរបស់ឯងដែលឯងបង្កើតតាមក្រោយ ពួកគេជារបស់ឯង; ពួកគេនឹងត្រូវបានហៅតាមឈ្មោះរបស់ពួកបងប្រុសរបស់ពួកគេ នៅក្នុងចំណែកមរតករបស់ពួកគេ។ 7 រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។ 8 នៅពេលអ៊ីស្រាអែលឃើញពួកកូនប្រុសរបស់យ៉ូសែប គាត់ក៏សួរថា៖ “តើអ្នកទាំងនេះជានរណា?”។ 9 យ៉ូសែបប្រាប់ឪពុកថា៖ “ទាំងនេះជាពួកកូនប្រុសរបស់ខ្ញុំដែលព្រះបានប្រទានដល់ខ្ញុំនៅទីនេះ”។ អ៊ីស្រាអែលនិយាយថា៖ “ចូរនាំពួកវាមកឯយើងមក៍! យើងនឹងឲ្យពរពួកវា”។ 10 ភ្នែករបស់អ៊ីស្រាអែលស្រវាំងដោយសារតែអាយុច្រើន គាត់មើលមិនឃើញទេ។ ដូច្នេះ យ៉ូសែបនាំកូនទាំងនោះមកជិតគាត់ ហើយគាត់ក៏ថើបពួកគេ រួចឱបពួកគេ។ 11 អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។ 12 រួចយ៉ូសែបយកពួកគេចេញពីភ្លៅរបស់អ៊ីស្រាអែល ហើយក្រាបមុខដល់ដី។ អេប្រាអិមទទួលពរធំជាងម៉ាណាសេ 13 បន្ទាប់មក យ៉ូសែបយកពួកគេទាំងពីរចូលទៅជិតអ៊ីស្រាអែល គឺអេប្រាអិមដែលនៅខាងស្ដាំគាត់ ឲ្យទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាណាសេដែលនៅខាងឆ្វេងគាត់ ឲ្យទៅខាងស្ដាំអ៊ីស្រាអែល។ 14 ប៉ុន្តែអ៊ីស្រាអែលលូកដៃស្ដាំរបស់គាត់ដាក់លើក្បាលរបស់អេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងរបស់គាត់លើក្បាលរបស់ម៉ាណាសេវិញ គឺគាត់បានខ្វែងដៃរបស់គាត់ ទោះបីម៉ាណាសេជាកូនច្បងក៏ដោយ។ 15 អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ 16 ជាទូតដែលប្រោសលោះយើងពីអស់ទាំងការអាក្រក់ ប្រទានពរក្មេងប្រុសទាំងនេះ។ សូមឲ្យពួកគេត្រូវបានហៅតាមឈ្មោះរបស់យើង និងឈ្មោះរបស់ដូនតាយើង គឺអ័ប្រាហាំ និងអ៊ីសាក; សូមឲ្យពួកគេកើនឡើងយ៉ាងច្រើននៅលើផ្ទៃផែនដី”។ 17 នៅពេលយ៉ូសែបឃើញថាឪពុកគាត់បានដាក់ដៃស្ដាំលើក្បាលរបស់អេប្រាអិម នោះគាត់មិនពេញចិត្តទេ ក៏ចាប់ដៃរបស់ឪពុកយកចេញពីលើក្បាលរបស់អេប្រាអិមទៅលើក្បាលរបស់ម៉ាណាសេវិញ។ 18 យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។ 19 ប៉ុន្តែឪពុករបស់គាត់មិនព្រម ហើយនិយាយថា៖ “យើងដឹងហើយ កូនអើយ យើងដឹងហើយ! វានឹងទៅជាជាតិសាសន៍មួយដែរ ហើយវានឹងបានជាធំដែរ យ៉ាងណាមិញ ប្អូនប្រុសរបស់វានឹងបានជាធំជាងវា ហើយពូជពង្សរបស់វានឹងទៅជាប្រជាជាតិដែលមានចំនួនច្រើន”។ 20 នៅថ្ងៃនោះ អ៊ីស្រាអែលឲ្យពរពួកគេថា៖ “ជនជាតិអ៊ីស្រាអែលនឹងឲ្យពរដោយសម្អាងលើពួកឯងថា: ‘សូមព្រះធ្វើឲ្យអ្នកបានដូចជាអេប្រាអិម និងម៉ាណាសេ’”។ គឺយ៉ាងនេះឯងដែលគាត់ដាក់អេប្រាអិម មុនម៉ាណាសេ។ 21 អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។ 22 លើសពីនេះទៅទៀត យើងបានប្រគល់តំបន់ភ្នំមួយដល់ឯង ជាជាងបងប្អូនរបស់ឯង ជាដីដែលយើងបានដណ្ដើមយកពីដៃរបស់ជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់យើង”៕ |