លោកុប្បត្តិ 34 - ព្រះគម្ពីរខ្មែរសាកលឌីណាត្រូវបានបង្ខូច 1 ឯឌីណាកូនស្រីដែលលេអាបង្កើតឲ្យយ៉ាកុប បានចេញទៅមើលពួកកូនស្រីនៅស្រុកនោះ។ 2 ពេលស៊ីគែមកូនប្រុសរបស់ហេម័រជនជាតិហេវីជាមេគ្រប់គ្រងនៅស្រុកនោះ បានឃើញនាង គាត់ក៏ចាប់នាងទៅរួមដំណេកជាមួយ ហើយបង្ខូចនាង។ 3 ចិត្តរបស់គាត់ឈ្លក់វង្វេងនឹងឌីណាកូនស្រីរបស់យ៉ាកុប។ គាត់ស្រឡាញ់នាងក្រមុំនោះ ក៏និយាយលួងលោមចិត្តនាង។ 4 រួចស៊ីគែមនិយាយនឹងហេម័រឪពុករបស់គាត់ថា៖ “សូមយកនាងក្រមុំនេះឲ្យខ្ញុំ ធ្វើជាប្រពន្ធផង”។ 5 យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។ 6 រីឯហេម័រឪពុករបស់ស៊ីគែមក៏មករកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ 7 នៅពេលឮអំពីហេតុការណ៍នេះ ពួកកូនប្រុសរបស់យ៉ាកុបក៏មកពីទីវាលវិញ។ ពួកគេម្នាក់ៗឈឺចិត្ត ហើយក្ដៅក្រហាយយ៉ាងខ្លាំង ពីព្រោះស៊ីគែមបានប្រព្រឹត្តអំពើថោកទាបទាស់នឹងអ៊ីស្រាអែល ដោយរួមដំណេកជាមួយកូនស្រីរបស់យ៉ាកុប ដ្បិតការនេះមិនគួរធ្វើឡើយ។ 8 ប៉ុន្តែហេម័រនិយាយនឹងពួកគេថា៖ “ចិត្តរបស់ស៊ីគែមកូនប្រុសខ្ញុំ ប្រាថ្នាចង់បានកូនស្រីរបស់លោកខ្លាំងណាស់ សូមឲ្យនាងទៅវា ធ្វើជាប្រពន្ធផង។ 9 សូមចងស្ពានមេត្រីជាមួយពួកយើងទៅ គឺសូមឲ្យកូនស្រីរបស់ពួកលោកមកពួកយើង ហើយយកកូនស្រីរបស់ពួកយើងសម្រាប់ពួកលោកចុះ។ 10 នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។ 11 ស៊ីគែមក៏និយាយនឹងឪពុក និងពួកបងប្រុសរបស់នាងដែរថា៖ “សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ពួកលោកផង ហើយអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ ខ្ញុំនឹងជូន។ 12 ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។ សម្លាប់រង្គាលក្រុងស៊ីគែម 13 នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ 14 គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។ 15 មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ដែលយើងនឹងព្រមតាមពួកលោក គឺប្រសិនបើពួកលោកត្រឡប់ដូចជាពួកយើង ដោយមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកលោកត្រូវទទួលពិធីកាត់ស្បែក។ 16 នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។ 17 ប៉ុន្តែប្រសិនបើពួកលោកមិនស្ដាប់តាមពួកយើង គឺមិនទទួលពិធីកាត់ស្បែកទេ នោះពួកយើងនឹងយកកូនស្រីរបស់ពួកយើង ហើយចាកចេញទៅ”។ 18 ពាក្យរបស់ពួកគេក៏ល្អក្នុងភ្នែករបស់ហេម័រ និងស៊ីគែមកូនប្រុសរបស់ហេម័រ។ 19 អ្នកកំលោះនោះក៏មិនបង្អង់នឹងធ្វើការនេះឡើយ ពីព្រោះគាត់ពេញចិត្តនឹងកូនស្រីរបស់យ៉ាកុប ណាមួយក្នុងផ្ទះរបស់ឪពុកគាត់ទាំងមូល គាត់ត្រូវគេគោរពជាងគេ។ 20 ដូច្នេះ ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ក៏ទៅឯខ្លោងទ្វារនៃទីក្រុងរបស់ពួកគេ ហើយនិយាយនឹងមនុស្សនៃទីក្រុងថា៖ 21 “អ្នកទាំងនោះអាចនៅសុខសាន្តជាមួយពួកយើង ដូច្នេះចូរឲ្យពួកគេរស់នៅក្នុងទឹកដីនេះ ហើយឲ្យពួកគេធ្វើជំនួញនៅស្រុកនេះចុះ ដ្បិតមើល៍! ទឹកដីនេះធំល្មមសម្រាប់ពួកគេ។ ពួកយើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅពួកគេ។ 22 មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ទើបអ្នកទាំងនោះនឹងព្រមតាមពួកយើងដើម្បីរស់នៅជាមួយពួកយើង ហើយក្លាយជាប្រជាជាតិតែមួយ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកយើងត្រូវទទួលពិធីកាត់ស្បែក ដូចដែលពួកគេបានទទួលពិធីកាត់ស្បែកដែរ។ 23 តើហ្វូងសត្វស្រុក និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងសត្វចិញ្ចឹមគ្រប់ប្រភេទរបស់ពួកគេ មិនត្រឡប់ជារបស់ពួកយើងទេឬ? ឲ្យតែពួកយើងព្រមតាមពួកគេ នោះពួកគេនឹងរស់នៅជាមួយពួកយើង”។ 24 អស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុងក៏ស្ដាប់តាមហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់។ បន្ទាប់មក មនុស្សប្រុសទាំងអស់បានទទួលពិធីកាត់ស្បែក គឺអស់អ្នកដែលចេញចូលតាមខ្លោងទ្វារទីក្រុង។ 25 លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។ 26 ពួកគេបានសម្លាប់ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ដោយមុខដាវដែរ ហើយយកឌីណាចេញពីផ្ទះរបស់ស៊ីគែម រួចចេញទៅ។ 27 ពួកកូនប្រុសឯទៀតរបស់យ៉ាកុបក៏មកដល់មនុស្សដែលត្រូវគេសម្លាប់ ហើយចាប់យកពីទីក្រុងនោះ ពីព្រោះគេបានបង្ខូចប្អូនស្រីរបស់ពួកគេ។ 28 ពួកគេបានឆក់យកហ្វូងចៀម ហ្វូងគោ ហ្វូងលា ព្រមទាំងអ្វីដែលនៅក្នុងទីក្រុង និងអ្វីដែលនៅតាមស្រែចម្ការ 29 ក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់ កូនក្មេងទាំងអស់ និងពួកស្រីៗរបស់អ្នកទាំងនោះ ហើយក៏ចាប់យកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះដែរ។ 30 ពេលនោះ យ៉ាកុបប្រាប់ស៊ីម្មាន និងលេវីថា៖ “ពួកឯងបាននាំទុក្ខមកលើយើង ដោយសម្អុយឈ្មោះយើងចំពោះអ្នកដែលរស់នៅស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត។ យើងមានគ្នាតិចផង បើសិនពួកគេប្រមូលគ្នាទាស់នឹងយើង ហើយវាយយើង នោះយើង និងអ្នកផ្ទះរបស់យើងនឹងត្រូវគេបំផ្លាញ”។ 31 ប៉ុន្តែពួកគេតបថា៖ “តើគួរឲ្យគេប្រព្រឹត្តនឹងប្អូនស្រីរបស់ពួកយើង ដូចជាស្រីពេស្យាឬ?”៕ |