Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 30 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​រ៉ាជែល​ឃើញ​ថា​ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប រ៉ាជែល​ក៏​ច្រណែន​បងស្រី​របស់នាង នាង​ក៏​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង​! បើមិនដូច្នោះទេ ខ្ញុំ​នឹង​ស្លាប់”។

2 នោះ​កំហឹង​របស់​យ៉ាកុប​ក៏​ឆេះឡើង​ទាស់នឹង​រ៉ាជែល គាត់​ក៏​និយាយថា​៖ “តើ​បង​អាច​ជំនួស​ព្រះ​បាន​ឬ ដែល​បង្ខាំង​ផ្ទៃ​អូន​មិនឲ្យ​មានកូន​ដូច្នេះ​?”។

3 នាង​ក៏​និយាយថា​៖ “មើល៍! ប៊ីលហា​បាវបម្រើស្រី​របស់ខ្ញុំ​។ សូម​ចូលទៅឯ​នាង​ចុះ ដើម្បីឲ្យ​នាង​អាច​បង្កើត​កូន​ដាក់​នៅលើ​ភ្លៅ​របស់ខ្ញុំ នោះ​ខ្ញុំ​អាច​បានកូន​ដែរ តាមរយៈ​នាង”។

4 ដូច្នេះ នាង​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់ខ្លួន​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ យ៉ាកុប​ក៏​ចូលទៅឯ​នាង​។

5 ប៊ីលហា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។

6 រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។

7 ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។

8 រ៉ាជែល​និយាយថា​៖ “ខ្ញុំ​បាន​បោកចំបាប់​ជាមួយ​បងស្រី​របស់ខ្ញុំ ដោយ​ការបោកចំបាប់​ដ៏ខ្លាំង ហើយក៏​បាន​ឈ្នះ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ណែបថាលី​។

9 កាល​លេអា​ឃើញ​ថា​ខ្លួន​លែង​មានកូន​ទៀត នាង​ក៏​យក​ស៊ីលផា​បាវបម្រើស្រី​របស់ខ្លួន​ឲ្យ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។

10 ស៊ីលផា​បាវបម្រើស្រី​របស់​លេអា​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។

11 លេអា​និយាយថា​៖ “ភ័ព្វសំណាង​មក​ដល់ហើយ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា កាដ​។

12 ស៊ីលផា​បាវបម្រើស្រី​របស់​លេអា បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។

13 លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។

14 នៅ​រដូវ​ច្រូត​ស្រូវសាលី រូបេន​ចេញទៅ ហើយ​ឃើញ​ផ្លែស្នេហ៍​នៅ​ទីវាល ក៏​យកមក​ឲ្យ​លេអា​ម្ដាយ​របស់គាត់ នោះ​រ៉ាជែល​និយាយ​នឹង​លេអា​ថា​៖ “សូម​ឲ្យ​ផ្លែស្នេហ៍​ខ្លះ​របស់​កូនប្រុស​បង​ដល់​ខ្ញុំ​ផង”។

15 លេអា​តប​នឹង​នាង​ថា​៖ “ដែល​ឯង​ដណ្ដើមយក​ប្ដី​របស់យើង តើ​មិនគ្រប់គ្រាន់​ទេ​ឬ បានជា​ឯង​ចង់​ដណ្ដើមយក​ផ្លែស្នេហ៍​របស់​កូនប្រុស​យើង​ទៀត​?”។ រ៉ាជែល​និយាយថា​៖ “ធ្វើដូច្នេះវិញ គាត់​អាច​រួមដំណេក​ជាមួយ​បង​បាន​នៅ​យប់​នេះ ជាថ្នូរនឹង​ផ្លែស្នេហ៍​របស់​កូនប្រុស​បង”។

16 កាល​យ៉ាកុប​មក​ពី​ទីវាល​វិញ​នៅ​ពេលល្ងាច លេអា​ក៏​ចេញទៅ​ទទួល​គាត់ ហើយ​និយាយថា​៖ “បង​ត្រូវ​ចូលមកឯ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ពិតជា​បាន​ជួល​បង​ដោយ​ផ្លែស្នេហ៍​របស់​កូនប្រុស​ខ្ញុំ”។ ដូច្នេះ គាត់​ក៏​រួមដំណេក​ជាមួយ​នាង​នៅ​យប់​នោះ​។

17 ព្រះ​ទ្រង់​សណ្ដាប់​លេអា នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ទីប្រាំ​ឲ្យ​យ៉ាកុប​។

18 លេអា​និយាយថា​៖ “ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​បាវបម្រើស្រី​របស់ខ្ញុំ​ដល់​ប្ដី​ខ្ញុំ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសាខារ​។

19 លេអា​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ទីប្រាំមួយ​ឲ្យ​យ៉ាកុប​។

20 លេអា​ក៏​និយាយថា​៖ “ព្រះ​បាន​ប្រទាន​អំណោយទាន​ដ៏ល្អ​ដល់​ខ្ញុំ​។ ម្ដងនេះ ប្ដី​របស់ខ្ញុំ​នឹង​ឲ្យតម្លៃ​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​ប្រាំមួយ​នាក់​ឲ្យ​គាត់”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា សាប់យូឡូន​។

21 ក្រោយមក នាង​បង្កើត​បាន​កូនស្រី​ម្នាក់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា ឌីណា​។

22 ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។

23 នាង​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ ក៏​និយាយថា​៖ “ព្រះ​បាន​ដក​សេចក្ដីត្មះតិះដៀល​ចេញ​ពី​ខ្ញុំ​ហើយ”។

24 នាង​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូសែប ដោយ​និយាយថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​បន្ថែម​កូនប្រុស​មួយទៀត​ដល់​ខ្ញុំ”។


ថ្លៃឈ្នួលរបស់យ៉ាកុប

25 ក្រោយពី​រ៉ាជែល​បង្កើត​យ៉ូសែប យ៉ាកុប​ក៏​និយាយ​នឹង​ឡាបាន់​ថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​កន្លែង​របស់ខ្ញុំ និង​ស្រុក​របស់ខ្ញុំ​វិញ​។

26 សូម​ប្រគល់​ពួក​ប្រពន្ធ និង​កូន​ៗ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ដើម្បី​បាន​ពួកគេ មកខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ចាកចេញទៅ ដ្បិត​លោកអ៊ំ​ដឹង​ការងារ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ហើយ”។

27 ឡាបាន់​តប​នឹង​គាត់​ថា​៖ “បើសិន​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​នៅសិនទៅ ដ្បិត​យើង​បាន​ដឹងតាមការទស្សទាយ​ថា ព្រះយេហូវ៉ា​បាន​ប្រទានពរ​យើង​ដោយសារតែ​ឯង”។

28 ឡាបាន់​និយាយ​ទៀត​ថា​៖ “ចូរ​កំណត់​ថ្លៃឈ្នួល​របស់ឯង​ដល់​យើង​ចុះ នោះ​យើង​នឹង​ឲ្យ”។

29 យ៉ាកុប​និយាយ​នឹង​ឡាបាន់​ថា​៖ “លោកអ៊ំ​ដឹង​ថា​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​យ៉ាងណា ហើយក៏​ដឹង​ថា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៅជា​យ៉ាងណា ពេល​នៅជាមួយ​ខ្ញុំ​។

30 តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។

31 ឡាបាន់​សួរថា​៖ “តើ​យើង​គួរ​ឲ្យ​អ្វី​ដល់​ឯង​?”។ យ៉ាកុប​ឆ្លើយថា​៖ “លោកអ៊ំ​មិន​បាច់​ឲ្យ​អ្វី​ដល់​ខ្ញុំ​ឡើយ​។ បើសិន​លោកអ៊ំ​ធ្វើ​ការ​នេះ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់ទៅ​ឃ្វាល និង​ថែរក្សា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៀត

32 គឺនៅ​ថ្ងៃនេះ សូមឲ្យ​ខ្ញុំ​ទៅ​ក្នុង​ហ្វូងសត្វ​ទាំងមូល​របស់លោកអ៊ំ ដើម្បី​ញែក​អស់ទាំង​ចៀម​សម្បុរពព្លាក់ និង​សម្បុរពពាល ហើយ​ចៀម​សម្បុរខ្មៅ​ទាំងអស់​ក្នុង​កូនចៀម ព្រមទាំង​សត្វ​សម្បុរពពាល និង​សម្បុរពព្លាក់​ក្នុង​ហ្វូង​ពពែ ចេញ​ពី​ហ្វូងសត្វរបស់លោកអ៊ំ ទុកជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។

33 ដូច្នេះ​នៅ​ថ្ងៃ​ក្រោយ កាលណា​លោកអ៊ំ​មក​ពិនិត្យ​ថ្លៃឈ្នួល​របស់ខ្ញុំ នោះ​សេចក្ដីសុចរិត​របស់ខ្ញុំ​នឹង​ឆ្លើយ​ជំនួស​ខ្ញុំ គឺបើសិន​មាន​សត្វ​ណា​ដែល​មិន​មាន​សម្បុរពពាល ឬ​សម្បុរពព្លាក់​នៅក្នុង​ហ្វូង​ពពែ ឬ​មានសត្វណាមិន​មាន​សម្បុរខ្មៅ​នៅក្នុង​កូនចៀម​នៅជាមួយ​ខ្ញុំ វា​ជារបស់​លួច”។

34 ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។

35 យ៉ាងណាមិញ នៅ​ថ្ងៃ​ដដែលនោះ ឡាបាន់​បាន​ញែក​ពពែឈ្មោល​សម្បុរឆ្នូត និង​សម្បុរពពាល រហូតដល់​អស់ទាំង​ពពែញី​សម្បុរពព្លាក់ និង​សម្បុរពពាល គឺ​សត្វ​ទាំងអស់​ដែល​លាយ​សម្បុរស និង​អស់ទាំង​សត្វ​សម្បុរខ្មៅ​នៅក្នុង​កូនចៀម ហើយ​ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​កូនប្រុស​គាត់

36 រួច​ដាក់​ចម្ងាយផ្លូវ​ដើរ​បី​ថ្ងៃ​រវាង​ខ្លួន និង​យ៉ាកុប​។ រីឯ​យ៉ាកុប​ក៏​ឃ្វាល​ហ្វូងសត្វ​របស់​ឡាបាន់​ដែល​នៅសល់​។

37 ពេលនោះ យ៉ាកុប​យក​មែក​ស្រស់​ៗ​ពី​ដើមកំញាន ដើមអាល់ម៉ុង និង​ដើមកៅឡាក់​មក បក​សំបក​ជា​ឆ្នូត​សៗ ឲ្យឃើញ​សាច់ស​របស់​មែក​ទាំងនោះ

38 រួច​ដាក់​មែក​ដែល​បក​សំបក​ហើយ​នោះ​ទល់មុខនឹង​ហ្វូងសត្វ ក្នុង​ស្នូកសត្វ​ដែលជា​ទ​-​ទឹក​ដែល​ហ្វូងសត្វ​មក​ផឹក ពីព្រោះ​វា​ពាក់គ្នា​នៅពេល​មក​ផឹក​ទឹក​។

39 ហ្វូងសត្វ​ក៏​ពាក់គ្នា​នៅមុខ​មែកឈើ​ទាំងនោះ រួច​ហ្វូងសត្វ​បង្កើត​កូន​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរពពាល​។

40 យ៉ាកុប​ញែក​កូនចៀម​ទុក ហើយ​ដាក់​ហ្វូងសត្វ​នៅទល់មុខ​នឹង​សត្វ​សម្បុរឆ្នូត និង​សត្វ​សម្បុរខ្មៅ​ទាំងអស់​ក្នុង​ហ្វូងសត្វ​របស់​ឡាបាន់​។ គាត់​ដាក់​ហ្វូងចៀម​របស់​ខ្លួន​ដោយឡែក គឺ​មិន​បាន​ដាក់​វា​ជាមួយ​ហ្វូងសត្វ​របស់​ឡាបាន់​ឡើយ​។

41 កាលណា​ហ្វូងសត្វ​ខ្លាំង​ពាក់គ្នា យ៉ាកុប​ក៏​ដាក់​មែកឈើ​ទាំងនោះ​ក្នុង​ស្នូកសត្វ​នៅមុខ​ភ្នែក​របស់​ហ្វូងសត្វ ដើម្បីឲ្យ​វា​ពាក់គ្នា​នៅក្បែរ​មែកឈើ​ទាំងនោះ​។

42 រីឯ​ចំពោះ​ហ្វូងសត្វ​ខ្សោយ គាត់​មិន​ដាក់​ទេ​។ ដូច្នេះ សត្វ​ខ្សោយ​ៗ​បាន​ទៅជា​របស់​ឡាបាន់ ហើយ​សត្វ​ខ្លាំង​ៗ​បាន​ទៅជា​របស់​យ៉ាកុប​។

43 គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម