លោកុប្បត្តិ 13 - ព្រះគម្ពីរខ្មែរសាកលអាប់រ៉ាម និងឡុតបែកគ្នា 1 ដូច្នេះ អាប់រ៉ាមក៏ឡើងពីអេហ្ស៊ីបទៅណេកិប គឺមានគាត់ ប្រពន្ធរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន ហើយឡុតក៏ទៅជាមួយគាត់ដែរ។ 2 អាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសច្រើនណាស់។ 3 គាត់បន្តដំណើរពីណេកិបរហូតដល់បេត-អែល ត្រង់កន្លែងដែលគាត់បានបោះរោងរបស់គាត់កាលពីដើម គឺនៅចន្លោះបេត-អែល និងអៃ 4 ជាកន្លែងនៃអាសនាដែលគាត់បានសង់នៅទីនោះកាលពីមុន។ នៅទីនោះ អាប់រ៉ាមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។ 5 រីឯឡុតដែលដើរជាមួយអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងរោងជាច្រើនដែរ។ 6 ប៉ុន្តែស្រុកនោះមិនអាចទ្រាំទ្រឲ្យពួកគេរស់នៅជាមួយគ្នាបានទេ ពីព្រោះទ្រព្យសម្បត្តិរបស់ពួកគេច្រើនណាស់ រហូតដល់ពួកគេមិនអាចរស់នៅជាមួយគ្នាបានឡើយ។ 7 បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។ 8 នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9 តើទឹកដីទាំងមូលមិននៅមុខឯងទេឬ? សូមបែកចេញពីយើងទៅ។ បើសិនឯងទៅខាងឆ្វេង យើងនឹងទៅខាងស្ដាំ បើសិនឯងទៅខាងស្ដាំ យើងនឹងទៅខាងឆ្វេង”។ 10 ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប 11 នោះឡុតក៏ជ្រើសរើសវាលទំនាបទាំងមូលនៃទន្លេយ័រដាន់សម្រាប់ខ្លួន រួចឡុតបានចេញដំណើរទៅទិសខាងកើត។ ពួកគេបានបែកចេញពីគ្នាយ៉ាងដូច្នេះឯង។ 12 អាប់រ៉ាមបានរស់នៅក្នុងដែនដីកាណាន ចំណែកឯឡុតវិញ គាត់ទៅរស់នៅតាមទីក្រុងនានានៃវាលទំនាប ហើយរើរោងទៅត្រឹមសូដុម។ 13 រីឯប្រជាជនសូដុមជាមនុស្សបាបដ៏អាក្រក់ក្រៃលែងនៅចំពោះព្រះយេហូវ៉ា។ សេចក្ដីសន្យារបស់ព្រះដល់អាប់រ៉ាម 14 ក្រោយពីឡុតបែកចេញទៅ ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរងើបភ្នែកឡើងមើលពីកន្លែងដែលអ្នកនៅ ទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិចចុះ។ 15 ដ្បិតទឹកដីទាំងអស់នេះដែលអ្នកមើលឃើញ យើងនឹងប្រគល់ដល់អ្នក និងដល់ពូជពង្សរបស់អ្នកជារៀងរហូត។ 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។ 17 ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។ 18 អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕ |