លូកា 23 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវនៅមុខពីឡាត់ 1 អង្គប្រជុំទាំងមូលក្រោកឡើង នាំព្រះយេស៊ូវទៅនៅមុខពីឡាត់ 2 ហើយចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ “យើងខ្ញុំបានឃើញអ្នកនេះកំពុងនាំជនរួមជាតិរបស់យើងខ្ញុំឲ្យវង្វេង ហើយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ព្រមទាំងហៅខ្លួនឯងថាព្រះគ្រីស្ទ គឺស្ដេចទៀតផង”។ 3 ពីឡាត់ក៏សួរព្រះយេស៊ូវថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។ 4 ពីឡាត់ក៏មានប្រសាសន៍នឹងពួកនាយកបូជាចារ្យ និងហ្វូងមនុស្សថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងមនុស្សនេះឡើយ”។ 5 ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។ ព្រះយេស៊ូវនៅមុខហេរ៉ូឌ 6 ពីឡាត់ឮដូច្នេះ ក៏សួរថា៖ “តើអ្នកនេះជាអ្នកកាលីឡេឬ?”។ 7 ពេលដឹងថាព្រះយេស៊ូវនៅក្រោមអំណាចរបស់ហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅហេរ៉ូឌដែលកំពុងស្នាក់នៅយេរូសាឡិមក្នុងពេលនោះដែរ។ 8 ហេរ៉ូឌអរសប្បាយយ៉ាងក្រៃលែងដោយបានឃើញព្រះយេស៊ូវ ដ្បិតទ្រង់ចង់ឃើញព្រះយេស៊ូវតាំងពីយូរណាស់មកហើយ ដោយសារទ្រង់បានឮអំពីព្រះអង្គ ហើយសង្ឃឹមថានឹងឃើញព្រះអង្គធ្វើទីសម្គាល់អ្វីមួយ។ 9 ដូច្នេះ ហេរ៉ូឌក៏សួរព្រះយេស៊ូវជាច្រើនសំណួរ ប៉ុន្តែព្រះអង្គមិនតបអ្វីសោះ។ 10 រីឯពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឈរនៅទីនោះ ហើយចោទប្រកាន់ព្រះអង្គយ៉ាងខ្លាំង។ 11 ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។ 12 នៅថ្ងៃដដែលនោះ ហេរ៉ូឌ និងពីឡាត់បានក្លាយជាមិត្តភក្ដិនឹងគ្នា ដ្បិតពីមុន ពួកគេធ្លាប់ជាសត្រូវនឹងគ្នា។ យេស៊ូវ ឬបារ៉ាបាស 13 បន្ទាប់មក ពីឡាត់បានហៅពួកនាយកបូជាចារ្យ ពួកមេគ្រប់គ្រង និងប្រជាជនមក 14 មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។ 15 រីឯហេរ៉ូឌក៏រកមិនឃើញអ្វីដែរ ដ្បិតទ្រង់បានបញ្ជូនអ្នកនេះមកយើងវិញ។ មើល៍! គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ។ 16 ដូច្នេះ ក្រោយពីវាយប្រដៅគាត់ ខ្ញុំនឹងដោះលែងគាត់”។ 17 រៀងរាល់ពិធីបុណ្យនោះ ពីឡាត់ត្រូវតែដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ។ 18 ប៉ុន្តែពួកគេស្រែកឡើងព្រមគ្នាថា៖ “កម្ចាត់អ្នកនេះទៅ! ដោះលែងបារ៉ាបាសឲ្យយើងវិញ!”។ 19 បារ៉ាបាសជាអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្មដែលបានកើតឡើងនៅក្នុងទីក្រុង។ 20 ពីឡាត់មានប្រសាសន៍នឹងពួកគេម្ដងទៀត ដោយចង់ដោះលែងព្រះយេស៊ូវ។ 21 ប៉ុន្តែពួកគេស្រែកបន្តទៀតថា៖ “ឆ្កាងវាទៅ! ឆ្កាងវាទៅ!”។ 22 ពីឡាត់មានប្រសាសន៍នឹងពួកគេជាលើកទីបីថា៖ “ហេតុអ្វី? តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី? ខ្ញុំរកមិនឃើញទោសអ្វីដល់ស្លាប់ក្នុងគាត់ឡើយ។ ដូច្នេះ ក្រោយពីវាយប្រដៅគាត់ ខ្ញុំនឹងដោះលែងគាត់”។ 23 ពួកគេស្រែកទទូចយ៉ាងខ្លាំងទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេបានឈ្នះ។ 24 ដូច្នេះ ពីឡាត់ក៏សម្រេចឲ្យធ្វើតាមការទាមទាររបស់ពួកគេ។ 25 លោកបានដោះលែងអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្ម ដែលពួកគេទាមទារ រីឯព្រះយេស៊ូវវិញ លោកបានប្រគល់ទៅតាមបំណងរបស់ពួកគេ។ ផ្លូវទៅឯឈើឆ្កាង 26 នៅពេលនាំព្រះយេស៊ូវទៅ ពួកគេចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេនដែលមកពីជនបទ ហើយដាក់ឈើឆ្កាងលើគាត់ ឲ្យលីតាមក្រោយព្រះយេស៊ូវ។ 27 មានហ្វូងមនុស្សមួយក្រុមធំ និងស្ត្រីៗដែលយំគក់ទ្រូងអាណិតព្រះអង្គ ដើរតាមព្រះអង្គ។ 28 ព្រះយេស៊ូវទ្រង់ងាកទៅរកពួកនាង ហើយមានបន្ទូលថា៖“កូនស្រីយេរូសាឡិមអើយ កុំយំអាណិតខ្ញុំឡើយ ផ្ទុយទៅវិញ ចូរយំអាណិតខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាចុះ! 29 ដ្បិតមើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងពោលថា: ‘មានពរហើយ ពួកស្ត្រីអារ និងផ្ទៃដែលមិនបានសម្រាលកូន ព្រមទាំងអ្នកដែលមិនបានបំបៅកូន!’។ 30 ពេលនោះ គេនឹងចាប់ផ្ដើមនិយាយនឹងភ្នំថា: ‘រលំលើយើងមក!’ ហើយនិយាយនឹងទីទួលថា: ‘គ្របលើយើងមក!’។ 31 ប្រសិនបើគេធ្វើការទាំងនេះនៅពេលឈើនៅស្រស់នៅឡើយ ចុះនៅពេលឈើស្ងួតវិញ តើនឹងមានអ្វីកើតឡើង?”។ ឆ្កាងនៅចន្លោះចោរប្លន់ពីរនាក់ 32 មានឧក្រិដ្ឋជនពីរនាក់ទៀតត្រូវគេនាំទៅប្រហារជីវិតជាមួយព្រះយេស៊ូវដែរ។ 33 នៅពេលមកដល់កន្លែងមួយដែលគេហៅថា “លលាដ៍ក្បាល” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។ 34 ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។ 35 ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។ 36 ពួកទាហានក៏ចំអកឡកឡឺយដាក់ព្រះអង្គដែរ ទាំងចូលទៅជិតថ្វាយទឹកខ្មេះដល់ព្រះអង្គ 37 ហើយនិយាយថា៖ “បើសិនឯងជាស្ដេចនៃជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងចុះ!”។ 38 មានចំណារមួយនៅខាងលើព្រះយេស៊ូវ សរសេរថា “នេះជាស្ដេចនៃជនជាតិយូដា”។ 39 ម្នាក់នៃឧក្រិដ្ឋជនដែលត្រូវបានឆ្កាងក៏ជេរប្រមាថព្រះអង្គថា៖ “តើអ្នកឯងមិនមែនជាព្រះគ្រីស្ទទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!”។ 40 ប៉ុន្តែម្នាក់ទៀតបានតប ដោយស្ដីបន្ទោសគាត់ថា៖ “តើឯងមិនកោតខ្លាចព្រះទេឬ? ឯងក៏ជាប់ទោសដូចគ្នាដែរ 41 ដ្បិតយើងកំពុងទទួលយ៉ាងត្រឹមត្រូវមែន សមនឹងអ្វីដែលយើងបានធ្វើ ប៉ុន្តែម្នាក់នេះមិនបានធ្វើអាក្រក់អ្វីឡើយ”។ 42 រួចគាត់ក៏ទូលថា៖ “ព្រះយេស៊ូវអើយ កាលណាព្រះអង្គយាងចូលទៅអាណាចក្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង”។ 43 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ថ្ងៃនេះ អ្នកនឹងនៅស្ថានបរមសុខជាមួយខ្ញុំ”។ ការសុគតរបស់ព្រះយេស៊ូវ 44 ពេលនោះប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់ហើយ ភាពងងឹតបានគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ 45 ព្រះអាទិត្យបានបាត់រស្មី ហើយវាំងននក្នុងព្រះវិហារក៏រហែកចំពាក់កណ្ដាល។ 46 ព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖“ព្រះបិតាអើយ!ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ”។ នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផុតដង្ហើមទៅ។ 47 មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។ 48 រីឯហ្វូងមនុស្សទាំងអស់ដែលជួបជុំគ្នាដើម្បីមើលទិដ្ឋភាពនោះបានឃើញហេតុការណ៍ដែលកើតឡើង ក៏ត្រឡប់ទៅវិញទាំងគក់ទ្រូង។ 49 អស់អ្នកដែលព្រះយេស៊ូវស្គាល់ ព្រមទាំងស្ត្រីៗដែលមកតាមព្រះអង្គពីកាលីឡេបានឈរពីចម្ងាយ មើលហេតុការណ៍ទាំងនេះ។ ការបញ្ចុះព្រះសពព្រះយេស៊ូវ 50 ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ូសែប ជាសមាជិកក្រុមប្រឹក្សា ជាមនុស្សល្អ និងសុចរិត។ 51 អ្នកនេះមិនបានយល់ស្របជាមួយគម្រោង និងអំពើរបស់ពួកគេទេ។ គាត់មកពីអើរីម៉ាថេដែលជាទីក្រុងមួយរបស់ជនជាតិយូដា ហើយជាអ្នកដែលរង់ចាំអាណាចក្ររបស់ព្រះ។ 52 គាត់ចូលទៅជួបពីឡាត់ សុំយកព្រះសពព្រះយេស៊ូវ។ 53 នៅពេលយកព្រះសពចុះហើយ គាត់ក៏រុំព្រះសពនឹងក្រណាត់ផាឌិប ហើយដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្ម ជាកន្លែងដែលមិនទាន់មានដាក់សពអ្នកណានៅឡើយ។ 54 ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ហើយថ្ងៃសប្ប័ទក៏ហៀបនឹងចូលមកដល់ហើយ។ 55 ស្ត្រីៗដែលមកពីកាលីឡេជាមួយព្រះយេស៊ូវ ក៏ទៅតាម ហើយមើលរូងផ្នូរ និងរបៀបដែលគេដាក់ព្រះសពព្រះអង្គ។ 56 នៅពេលត្រឡប់ទៅវិញ ពួកនាងក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប។ ប៉ុន្តែនៅថ្ងៃសប្ប័ទ ពួកនាងបានសម្រាកស្របតាមបទបញ្ជា៕ |