ម៉ាកុស 7 - ព្រះគម្ពីរខ្មែរសាកលទំនៀមទម្លាប់របស់មនុស្ស 1 មានពួកផារិស៊ី និងពួកគ្រូវិន័យខ្លះដែលមកពីយេរូសាឡិម ប្រមូលគ្នាមករកព្រះយេស៊ូវ។ 2 ពួកគេបានឃើញថាសិស្សខ្លះរបស់ព្រះអង្គហូបនំប៉័ងដោយដៃមិនបរិសុទ្ធ គឺដៃដែលមិនបានលាង។ 3 ជាការពិត ពួកផារិស៊ី និងជនជាតិយូដាទាំងអស់កាន់ខ្ជាប់នូវទំនៀមទម្លាប់របស់ចាស់បុរាណ គឺពួកគេមិនហូបឡើយ ប្រសិនបើមិនបានលាងដៃតាមពិធីទេ។ 4 នៅពេលមកពីផ្សារវិញ ពួកគេមិនហូបឡើយ ប្រសិនបើមិនបានធ្វើពិធីជម្រះខ្លួនទេ។ មានទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដែលពួកគេបានទទួលដើម្បីកាន់តាម ដូចជាការលាងពែង ថូ ភាជនៈទង់ដែង និងតុកៅអីជាដើម។ 5 ដូច្នេះពួកផារិស៊ី និងពួកគ្រូវិន័យសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនដើរតាមទំនៀមទម្លាប់របស់ចាស់បុរាណ បែរជាហូបនំប៉័ងដោយដៃមិនបរិសុទ្ធទៅវិញ?”។ 6 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អេសាយបានព្យាករអំពីអ្នករាល់គ្នាជាមនុស្សមានពុតត្រូវហើយ ដូចដែលមានសរសេរទុកមកថា: ‘ប្រជាជននេះគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង។ 7 ពួកគេថ្វាយបង្គំយើងឥតប្រយោជន៍សោះ ដ្បិតពួកគេបង្រៀនបទបញ្ញត្តិរបស់មនុស្សជាគោលលទ្ធិ ’។ 8 អ្នករាល់គ្នាបានបោះបង់សេចក្ដីបង្គាប់របស់ព្រះចោល ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់របស់មនុស្សវិញ ”។ 9 ព្រះយេស៊ូវមានបន្ទូលទៀតថា៖“អ្នករាល់គ្នាបោះបង់សេចក្ដីបង្គាប់របស់ព្រះចោល ដើម្បីឲ្យទំនៀមទម្លាប់របស់អ្នករាល់គ្នានៅគង់វង្ស អីក៏បានល្អម្ល៉េះ! 10 ដ្បិតម៉ូសេបានបង្គាប់ថា: ‘ចូរគោរពឪពុក និងម្ដាយរបស់អ្នក’ ហើយថា: ‘ត្រូវតែប្រហារជីវិតអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ’ ។ 11 ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘ប្រសិនបើមនុស្សម្នាក់និយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាគ័របាន់រួចហើយ” (គ័របាន់ មានអត្ថន័យប្រែថា តង្វាយថ្វាយព្រះ) 12 អ្នករាល់គ្នាលែងឲ្យអ្នកនោះធ្វើអ្វីសម្រាប់ឪពុកម្ដាយទៀតឡើយ’។ 13 អ្នករាល់គ្នាធ្វើឲ្យព្រះបន្ទូលរបស់ព្រះទៅជាមោឃៈដូច្នេះ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលតៗគ្នា។ អ្នករាល់គ្នាក៏ធ្វើការស្រដៀងបែបនេះជាច្រើនដែរ”។ 14 បន្ទាប់មក ព្រះអង្គទ្រង់ហៅហ្វូងមនុស្សមកម្ដងទៀត ហើយមានបន្ទូលនឹងពួកគេថា៖“ចូរអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំ ហើយយល់ចុះ 15 គ្មានអ្វីពីខាងក្រៅចូលក្នុងមនុស្ស ដែលអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ គឺអ្វីៗដែលចេញមកពីមនុស្សវិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង។ 16 អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។ 17 នៅពេលចេញពីហ្វូងមនុស្ស ព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គអំពីពាក្យឧបមានេះ។ 18 ព្រះអង្គក៏មានបន្ទូលថា៖“តើអ្នករាល់គ្នាក៏ខ្វះសមត្ថភាពយល់ដឹងដល់ថ្នាក់ហ្នឹងដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ពីខាងក្រៅដែលចូលក្នុងមនុស្ស មិនអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ? 19 ដ្បិតវាមិនចូលក្នុងចិត្តទេ គឺចូលក្នុងពោះ ហើយចេញទៅក្នុងបង្គន់”។ ដូច្នេះ ព្រះអង្គបញ្ជាក់ថាអាហារទាំងអស់សុទ្ធតែបរិសុទ្ធ។ 20 ព្រះអង្គមានបន្ទូលទៀតថា៖“គឺអ្វីដែលចេញមកពីមនុស្សវិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង។ 21 ដ្បិតគំនិតអាក្រក់ចេញមកពីខាងក្នុង គឺពីចិត្តរបស់មនុស្ស ដូចជាអំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់ 22 ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និងអំពើឆោតល្ងង់។ 23 ការអាក្រក់ទាំងអស់នេះចេញមកពីខាងក្នុង ហើយធ្វើឲ្យមនុស្សសៅហ្មង”។ ជំនឿរបស់ស្ត្រីសាសន៍ដទៃ 24 ព្រះយេស៊ូវទ្រង់ក្រោកឡើង យាងចាកចេញពីទីនោះទៅស្រុកទីរ៉ុស និងស៊ីដូន។ នៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែលាក់មិនជិត។ 25 មានស្ត្រីម្នាក់ដែលកូនស្រីរបស់នាងមានវិញ្ញាណអសោចចូលបានឮអំពីព្រះអង្គ នាងក៏មកក្រាបចុះទៀបព្រះបាទារបស់ព្រះអង្គភ្លាម។ 26 ស្ត្រីនោះជាក្រិក ជាជាតិសាសន៍ហ្វេនីស៊ីក្នុងស៊ីរី។ នាងទូលអង្វរព្រះអង្គឲ្យដេញអារក្សចេញពីកូនស្រីរបស់នាង។ 27 ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“ត្រូវតែឲ្យកូនៗបានឆ្អែតជាមុនសិន ពីព្រោះការដែលយកនំប៉័ងរបស់កូនៗបោះទៅឲ្យកូនឆ្កែ មិនត្រូវទេ”។ 28 នាងទូលតបថា៖ “ព្រះអម្ចាស់អើយ! សូម្បីតែកូនឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហាររបស់ក្មេងៗដែរ”។ 29 ព្រះអង្គមានបន្ទូលនឹងនាងថា៖“ដោយសារតែពាក្យនេះ ចូរទៅវិញចុះ អារក្សបានចេញពីកូនស្រីរបស់នាងហើយ”។ 30 នៅពេលទៅដល់ផ្ទះវិញ នាងក៏ឃើញកូននោះដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។ ប្រោសមនុស្សគថ្លង់ឲ្យជា 31 ព្រះយេស៊ូវយាងចេញពីស្រុកទីរ៉ុស ហើយយាងកាត់ស៊ីដូន ទៅបឹងកាលីឡេវិញ តាមស្រុកដេកាប៉ូលី។ 32 គេនាំបុរសគថ្លង់ម្នាក់មករកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យដាក់ព្រះហស្តលើគាត់។ 33 ព្រះអង្គក៏នាំបុរសនោះចេញទៅដោយឡែកពីហ្វូងមនុស្ស ដាក់ព្រះអង្គុលីរបស់ព្រះអង្គក្នុងត្រចៀកទាំងសងខាងរបស់គាត់ ហើយស្ដោះទឹកព្រះឱស្ឋ រួចពាល់អណ្ដាតរបស់គាត់ 34 បន្ទាប់មក ព្រះអង្គទ្រង់ងើយមើលទៅមេឃ ដកដង្ហើមធំ រួចមានបន្ទូលនឹងគាត់ថា៖“អិបផាថា!” ដែលមានអត្ថន័យប្រែថា“ចូរបើកឡើង”។ 35 ភ្លាមនោះ ត្រចៀករបស់គាត់ត្រូវបានបើក រីឯចំណងនៃអណ្ដាតរបស់គាត់ត្រូវបានស្រាយ ហើយគាត់ក៏និយាយបានច្បាស់។ 36 ព្រះយេស៊ូវបានហាមពួកគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែព្រះអង្គកាន់តែហាមពួកគេ ពួកគេក៏កាន់តែប្រកាសច្រើនឡើង។ 37 គេស្ងើចយ៉ាងក្រៃលែង ទាំងនិយាយថា៖ “លោកធ្វើអ្វីៗទាំងអស់បានល្អណាស់! សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ”៕ |