ម៉ាកុស 6 - ព្រះគម្ពីរខ្មែរសាកលត្រូវគេបដិសេធនៅណាសារ៉ែត 1 ព្រះយេស៊ូវយាងចេញពីទីនោះ ហើយទៅដល់ស្រុកកំណើតរបស់ព្រះអង្គ ពួកសិស្សរបស់ព្រះអង្គក៏ទៅតាមព្រះអង្គដែរ។ 2 លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គទ្រង់ចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែលកំពុងស្ដាប់ក៏ស្ងើច ទាំងពោលថា៖ “តើអ្នកនេះបានសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលប្រទានដល់អ្នកនេះជាអ្វី? ការអស្ចារ្យបែបនេះកើតឡើងដោយដៃរបស់គាត់យ៉ាងដូចម្ដេច? 3 តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។ 4 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត ក្នុងចំណោមសាច់ញាតិ និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។ 5 ដូច្នេះ ក្រៅពីដាក់ព្រះហស្តលើអ្នកជំងឺខ្លះឲ្យជា ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានឡើយ។ 6 ព្រះយេស៊ូវទ្រង់នឹកឆ្ងល់ ដោយសារតែភាពឥតជំនឿរបស់ពួកគេ។ បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមភូមិនានា ទាំងបង្រៀនផង។ ចាត់សាវ័កដប់ពីរនាក់ 7 ព្រះអង្គទ្រង់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយចាប់ផ្ដើមចាត់ពួកគេពីរៗនាក់ឲ្យទៅ ព្រមទាំងប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេផង។ 8 ព្រះអង្គបង្គាប់ពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរឡើយ លើកលែងតែឈើច្រត់ប៉ុណ្ណោះ។ កុំយកនំប៉័ង កុំយកថង់យាម កុំយកលុយកាក់ដាក់ក្នុងខ្សែក្រវាត់ឡើយ។ 9 ប៉ុន្តែឲ្យពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ”។ 10 ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“អ្នករាល់គ្នាចូលទៅក្នុងផ្ទះមួយនៅទីណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចាកចេញពីទីនោះចុះ។ 11 រីឯកន្លែងណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់អ្នករាល់គ្នា នៅពេលចេញពីទីនោះ ចូររលាស់ធូលីចេញពីបាតជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។ 12 សាវ័កទាំងដប់ពីរបានចេញទៅប្រកាសថា មនុស្សត្រូវតែកែប្រែចិត្ត។ 13 ពួកគេក៏ដេញអារក្សជាច្រើនឲ្យចេញ ព្រមទាំងលាបប្រេងលើអ្នកជំងឺជាច្រើនដើម្បីប្រោសគេឲ្យជា។ មរណភាពរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក 14 ព្រះបាទហេរ៉ូឌបានឮអំពីការទាំងនេះ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានល្បីសុសសាយ។ មានគេនិយាយថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។ 15 អ្នកខ្លះថា៖ “គាត់ជាអេលីយ៉ា”។ អ្នកខ្លះទៀតថា៖ “គាត់ជាព្យាការី ដូចជាម្នាក់ក្នុងបណ្ដាព្យាការីជំនាន់មុន”។ 16 រីឯហេរ៉ូឌវិញ នៅពេលឮអំពីការទាំងនេះ ក៏មានរាជឱង្ការថា៖ “គឺយ៉ូហានដែលយើងបានកាត់ក្បាលនោះ ត្រូវបានលើកឲ្យរស់ឡើងវិញហើយ”។ 17 ជាការពិត ហេរ៉ូឌផ្ទាល់បានចាត់គេឲ្យទៅចាប់យ៉ូហាន ហើយចងគាត់នៅក្នុងគុក ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។ ដោយសារហេរ៉ូឌបានរៀបអភិសេកជាមួយនាង 18 យ៉ូហានក៏ទូលហេរ៉ូឌថា៖ “ព្រះករុណាយកមហេសីរបស់អនុជទ្រង់ ខុសច្បាប់ហើយ”។ 19 ចំណែកឯហេរ៉ូឌាសក៏ចងគំនុំនឹងយ៉ូហាន ហើយចង់សម្លាប់គាត់ ប៉ុន្តែមិនអាចធ្វើបាន 20 ពីព្រោះហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថាគាត់ជាមនុស្សសុចរិត និងវិសុទ្ធ ដូច្នេះទ្រង់ក៏ការពារគាត់។ នៅពេលសណ្ដាប់យ៉ូហាន ទ្រង់ក៏វល់ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែបានសណ្ដាប់គាត់ដោយអំណរ។ 21 ប៉ុន្តែមានឱកាសល្អមកដល់ គឺនៅថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ ទ្រង់បានរៀបចំពិធីជប់លៀងសម្រាប់ពួកនាម៉ឺន ពួកមេទ័ព និងពួកអភិជននៃកាលីឡេ។ 22 កូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ហើយបានបំពេញព្រះទ័យហេរ៉ូឌ និងភ្ញៀវរួមតុអាហារ ស្ដេចក៏មានរាជឱង្ការនឹងក្មេងស្រីនោះថា៖ “អ្វីក៏ដោយដែលនាងចង់បាន ចូរសុំយើងចុះ យើងនឹងឲ្យនាង”។ 23 រួចទ្រង់ក៏ស្បថនឹងនាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាដល់មួយចំហៀងនៃអាណាចក្ររបស់យើងក៏ដោយ”។ 24 នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។ ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។ 25 នាងក៏ប្រញាប់ចូលទៅឯស្ដេចភ្លាម ហើយទូលសុំថា៖ “ខ្ញុំម្ចាស់ចង់ឲ្យព្រះករុណាប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះផង”។ 26 ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។ 27 ដូច្នេះ ស្ដេចទ្រង់ចាត់ពេជ្ឈឃាដឲ្យទៅភ្លាម ដោយបញ្ជាឲ្យយកក្បាលរបស់យ៉ូហានមក។ ពេជ្ឈឃាដក៏ចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក 28 ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ ក្មេងស្រីក៏យកទៅឲ្យម្ដាយរបស់នាង។ 29 នៅពេលពួកសិស្សរបស់យ៉ូហានបានឮ ពួកគេក៏មកយកសពគាត់ទៅដាក់ក្នុងរូងផ្នូរ។ នំប៉័ងប្រាំ និងត្រីពីរ 30 ពួកសាវ័កបានជួបជុំគ្នានៅមុខព្រះយេស៊ូវ ហើយទូលព្រះអង្គអំពីអ្វីៗទាំងអស់ដែលពួកគេបានធ្វើ និងអ្វីៗដែលពួកគេបានបង្រៀន។ 31 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មក៍! ចូរអ្នករាល់គ្នាសម្រាកបន្តិចនៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមអ្នកចុះ”។ ដ្បិតមានមនុស្សជាច្រើនមកជាបន្តបន្ទាប់ ដូច្នេះសូម្បីតែពេលហូបក៏គ្មានផង។ 32 ពួកគេក៏ជិះទូកចេញទៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមពួកគេ។ 33 ប៉ុន្តែមនុស្សជាច្រើនបានឃើញពួកគេចេញទៅ ក៏ស្គាល់ពួកគេ។ គេក៏នាំគ្នារត់ពីទីក្រុងទាំងអស់ទៅទីនោះដោយថ្មើរជើង ហើយដល់មុនពួកគេ។ 34 នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។ 35 លុះជ្រុលម៉ោងហើយ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ 36 សូមឲ្យពួកគេទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ ទិញអ្វីហូបខ្លួនឯង”។ 37 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “តើឲ្យយើងខ្ញុំទៅទិញនំប៉័ងអស់ពីររយឌេណារី ឲ្យពួកគេហូបឬ?”។ 38 ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន? ទៅមើលមើល៍”។ នៅពេលបានដឹងហើយ ពួកគេទូលថា៖ “មានប្រាំ និងត្រីពីរ”។ 39 ព្រះអង្គក៏បង្គាប់ពួកគេឲ្យប្រាប់មនុស្សទាំងអស់ឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។ 40 គេក៏អង្គុយជាក្រុមៗ ក្រុមខ្លះមួយរយនាក់ ក្រុមខ្លះហាសិបនាក់។ 41 នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ ព្រះអង្គក៏បានបែងចែកត្រីពីរនោះដល់មនុស្សគ្រប់គ្នាដែរ។ 42 ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ 43 បន្ទាប់មក ពួកគេប្រមូលបំណែកនំប៉័ង និងត្រីបានដប់ពីរកន្ត្រកពេញ។ 44 អ្នកដែលហូបនំប៉័ង មានប្រាំពាន់នាក់ជាមនុស្សប្រុស។ ព្រះយេស៊ូវយាងលើទឹកបឹង 45 ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សរបស់ព្រះអង្គឲ្យជិះទូក គឺឲ្យទៅបេតសៃដានៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។ 46 នៅពេលលាហ្វូងមនុស្សហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ 47 លុះដល់ពេលល្ងាច ទូកបាននៅកណ្ដាលបឹង រីឯព្រះយេស៊ូវវិញ ព្រះអង្គគង់នៅលើគោកតែព្រះអង្គឯង។ 48 ព្រះអង្គទតឃើញពួកសិស្សរងការលំបាកក្នុងការអុំទូក ពីព្រោះបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ ហើយមានព្រះទ័យចង់យាងបង្ហួសពួកគេ។ 49 ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកគេគិតថាជាខ្មោច ក៏ស្រែកឡើង 50 ដ្បិតទាំងអស់គ្នាបានឃើញព្រះអង្គ ហើយភ័យស្លុត។ ភ្លាមនោះ ព្រះអង្គមានបន្ទូលជាមួយពួកគេ ហើយប្រាប់ថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។ 51 បន្ទាប់មក ព្រះអង្គយាងឡើងទូកជាមួយពួកគេ ពេលនោះក៏ឈប់ខ្យល់។ ពួកគេភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងក្រៃលែង។ 52 ដ្បិតពួកគេមិនបានយល់អំពីរឿងនំប៉័ងទេ គឺចិត្តរបស់ពួកគេនៅតែរឹងរូស។ ការប្រោសឲ្យជានៅគេនេសារ៉ែត 53 នៅពេលឆ្លងហើយ ពួកគេក៏ឡើងគោកនៅគេនេសារ៉ែត ហើយចងទូកនៅទីនោះ។ 54 កាលពួកគេឡើងពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម។ 55 គេរត់ពាសពេញទូទាំងតំបន់នោះ ហើយចាប់ផ្ដើមយកកន្ទេល សែងអ្នកមានជំងឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។ 56 នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕ |