ម៉ាកុស 5 - ព្រះគម្ពីរខ្មែរសាកលដេញអារក្សនៅគេរ៉ាស៊ីន 1 ព្រះយេស៊ូវ និងពួកសិស្សមកដល់ត្រើយម្ខាងបឹង គឺដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន។ 2 នៅពេលព្រះយេស៊ូវយាងឡើងពីទូក ស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។ 3 បុរសនោះស្នាក់នៅតាមរូងផ្នូរ គ្មានអ្នកណាអាចចងគាត់បានទៀតឡើយ សូម្បីតែជាមួយនឹងច្រវាក់ក៏ដោយ។ 4 គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ 5 គាត់តែងតែស្រែកជានិច្ចនៅតាមរូងផ្នូរ និងភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំងឆូតខ្លួនដោយថ្មផង។ 6 នៅពេលឃើញព្រះយេស៊ូវពីចម្ងាយ គាត់ក៏រត់មកថ្វាយបង្គំព្រះអង្គ 7 ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។ 8 ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖“វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។ 9 ព្រះអង្គទ្រង់សួរវាថា៖“តើឯងឈ្មោះអ្វី?”។ វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។ 10 វាក៏ទទូចអង្វរព្រះអង្គ កុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីតំបន់នោះឡើយ។ 11 នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។ 12 វិញ្ញាណអសោចទាំងនោះទូលអង្វរព្រះអង្គថា៖ “សូមបញ្ជូនយើងខ្ញុំទៅក្នុងជ្រូកទាំងនោះទៅ ដើម្បីឲ្យយើងខ្ញុំបានចូលក្នុងពួកវា”។ 13 ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។ 14 ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។ គេក៏នាំគ្នាមកមើលអ្វីដែលបានកើតឡើង។ 15 ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសអារក្សចូល គឺម្នាក់ដែលធ្លាប់មាន “កងទ័ព” ចូលនោះ កំពុងអង្គុយដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។ 16 ពួកអ្នកដែលឃើញក៏រៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលបានកើតឡើងដល់បុរសអារក្សចូល និងអំពីជ្រូកទាំងនោះ។ 17 ពួកគេចាប់ផ្ដើមទូលអង្វរព្រះអង្គឲ្យចាកចេញពីតំបន់របស់ពួកគេ។ 18 នៅពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលមានអារក្សចូលពីមុនក៏ទូលអង្វរព្រះអង្គឲ្យគាត់បាននៅជាមួយព្រះអង្គ។ 19 ប៉ុន្តែព្រះអង្គមិនអនុញ្ញាតទេ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរទៅផ្ទះវិញ ទៅរកជនរួមជាតិរបស់អ្នកចុះ ហើយប្រាប់ពួកគេថាព្រះអម្ចាស់បានធ្វើយ៉ាងណាដល់អ្នក និងថាព្រះអង្គទ្រង់មេត្តាយ៉ាងណាដល់អ្នក”។ 20 គាត់ក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសនៅដេកាប៉ូលីថា ព្រះយេស៊ូវបានធ្វើយ៉ាងណាដល់គាត់។ មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល។ ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា 21 ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅត្រើយម្ខាងវិញ។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏គង់នៅមាត់បឹង។ 22 ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ 23 ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។ 24 ដូច្នេះ ព្រះអង្គក៏យាងទៅជាមួយគាត់។ មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ 25 មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ 26 នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ 27 នៅពេលឮអំពីព្រះយេស៊ូវ នាងក៏មកពីខាងក្រោយព្រះអង្គក្នុងហ្វូងមនុស្ស ហើយពាល់ព្រះពស្ត្ររបស់ព្រះអង្គ។ 28 ដ្បិតនាងគិតថា៖ “បើសិនខ្ញុំបានពាល់ត្រឹមតែអាវវែងរបស់លោក ខ្ញុំនឹងបានជាសះស្បើយ”។ 29 ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។ 30 ព្រះយេស៊ូវទ្រង់ជ្រាបក្នុងអង្គទ្រង់ភ្លាមថា ព្រះចេស្ដាបានចេញពីព្រះអង្គ ព្រះអង្គក៏ងាកនៅក្នុងហ្វូងមនុស្ស ហើយមានបន្ទូលថា៖“នរណាពាល់អាវខ្ញុំ?”។ 31 ពួកសិស្សទូលព្រះអង្គថា៖ “លោកឃើញហ្វូងមនុស្សប្រជ្រៀតលោកហើយ ម្ដេចក៏សួរថា: ‘នរណាពាល់ខ្ញុំ?’”។ 32 ប៉ុន្តែព្រះអង្គទតមើលជុំវិញ ដើម្បីឲ្យឃើញអ្នកដែលធ្វើការនេះ។ 33 ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។ 34 ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។ 35 ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានគេមកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ លោកនៅតែរំខានលោកគ្រូធ្វើអីទៀត?”។ 36 ប៉ុន្តែព្រះយេស៊ូវទ្រង់មិនអើពើនឹងស្ដាប់ពាក្យដែលគេនិយាយទេ ក៏មានបន្ទូលនឹងអ្នកគ្រប់គ្រងសាលាប្រជុំថា៖“កុំខ្លាចឡើយ! ចូរគ្រាន់តែជឿប៉ុណ្ណោះ”។ 37 ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបប៉ុណ្ណោះ។ 38 នៅពេលពួកគេមកដល់ផ្ទះរបស់អ្នកគ្រប់គ្រងសាលាប្រជុំ ព្រះអង្គទតឃើញភាពវឹកវរ មានគេទ្រហោយំ និងស្រែកយ៉ាងខ្លាំង។ 39 ព្រះអង្គក៏យាងចូលទៅ មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាវឹកវរ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ 40 ពួកគេក៏សើចចំអកដាក់ព្រះអង្គ។ ព្រះអង្គទ្រង់ឲ្យពួកគេទាំងអស់គ្នាចេញ ហើយនាំឪពុកម្ដាយរបស់ក្មេង និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងដែលក្មេងនោះនៅ។ 41 ព្រះអង្គកាន់ដៃក្មេងនោះ ហើយមានបន្ទូលនឹងនាងថា៖“តាលីថាគូម!” ដែលមានអត្ថន័យប្រែថា“ក្មេងស្រីអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”។ 42 ក្មេងស្រីនោះក៏ក្រោកឡើងភ្លាម ចាប់ផ្ដើមដើរទៅដើរមក ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ ភ្លាមនោះ ពួកគេភ្ញាក់ផ្អើល ហើយងឿងឆ្ងល់យ៉ាងខ្លាំង។ 43 ព្រះយេស៊ូវទ្រង់ហាមពួកគេយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណាដឹងរឿងនេះឡើយ រួចព្រះអង្គមានបន្ទូលឲ្យគេឲ្យអាហារនាងហូប៕ |