ម៉ាកុស 15 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវនៅមុខពីឡាត់ 1 លុះព្រលឹមឡើងភ្លាម ពួកនាយកបូជាចារ្យពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកគ្រូវិន័យ និងក្រុមប្រឹក្សាទាំងមូល រួចពួកគេចងព្រះយេស៊ូវនាំទៅប្រគល់ឲ្យពីឡាត់។ 2 ពីឡាត់សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។ 3 ពួកនាយកបូជាចារ្យបានចោទប្រកាន់ព្រះអង្គអំពីរឿងជាច្រើន។ 4 ដូច្នេះ ពីឡាត់ក៏សួរព្រះអង្គម្ដងទៀតថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? មើល៍! ពួកគេចោទប្រកាន់អ្នកអំពីរឿងជាច្រើនដល់ម្ល៉េះ”។ 5 ប៉ុន្តែព្រះយេស៊ូវលែងតបអ្វីទៀត ធ្វើឲ្យពីឡាត់ភ្ញាក់ផ្អើល។ យេស៊ូវ ឬបារ៉ាបាស 6 រៀងរាល់ពិធីបុណ្យនោះ ពីឡាត់តែងតែដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ តាមដែលពួកគេសុំ។ 7 ពេលនោះ មានម្នាក់ដែលគេហៅថាបារ៉ាបាស ត្រូវជាប់ចំណងជាមួយពួកអ្នកបះបោរជាគ្នាគាត់ ដែលធ្វើឃាតកម្មជាមួយគ្នាក្នុងពេលបះបោរ។ 8 ដូច្នេះ ហ្វូងមនុស្សក៏ឡើងទៅ ហើយចាប់ផ្ដើមទាមទារឲ្យធ្វើ ដូចដែលពីឡាត់ធ្លាប់ធ្វើសម្រាប់ពួកគេ។ 9 ពីឡាត់សួរពួកគេថា៖ “តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាដល់អ្នករាល់គ្នាឬទេ?”។ 10 តាមពិត ពីឡាត់ដឹងថា ពួកនាយកបូជាចារ្យបានប្រគល់ព្រះអង្គមកលោកព្រោះតែការឈ្នានីស។ 11 ប៉ុន្តែពួកនាយកបូជាចារ្យបានពន្យុះហ្វូងមនុស្ស ឲ្យសុំពីឡាត់ដោះលែងបារ៉ាបាសដល់ពួកគេវិញ។ 12 ពីឡាត់សួរពួកគេម្ដងទៀតថា៖ “បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកនេះដែលអ្នករាល់គ្នាហៅថា ស្ដេចនៃជនជាតិយូដា?”។ 13 ពួកគេក៏ស្រែកទៀតថា៖ “ឆ្កាងវាទៅ!”។ 14 ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី?”។ ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងថា៖ “ឆ្កាងវាទៅ!”។ 15 ពីឡាត់ចង់បំពេញចិត្តហ្វូងមនុស្ស ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។ ការចំអកពីពួកទាហាន 16 ពួកទាហាននាំព្រះអង្គទៅក្នុងទីធ្លាដែលជាវិមានអភិបាល ហើយហៅកងទាហានទាំងមូលមក។ 17 ពួកគេពាក់អាវពណ៌ស្វាយឲ្យព្រះអង្គ ហើយក្រងមែកបន្លាជាមកុដ បំពាក់ឲ្យព្រះអង្គ 18 រួចចាប់ផ្ដើមគំនាប់ព្រះអង្គថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!”។ 19 ពួកគេវាយព្រះសិររបស់ព្រះអង្គនឹងដើមត្រែង ស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គម្ដងហើយម្ដងទៀត។ 20 នៅពេលចំអកឡកឡឺយដាក់ព្រះអង្គរួចហើយ ពួកគេក៏ដោះអាវពណ៌ស្វាយចេញ ហើយពាក់ព្រះពស្ត្ររបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គចេញទៅដើម្បីឆ្កាងព្រះអង្គ។ ឆ្កាងនៅចន្លោះចោរប្លន់ពីរនាក់ 21 មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ជាឪពុករបស់អ័លេក្សានត្រុស និងរូភូស គាត់មកពីជនបទដើរកាត់ទីនោះ។ ពួកគេក៏បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។ 22 ពួកគេនាំព្រះអង្គទៅកន្លែងមួយហៅថា “គាល់កូថា” (គាល់កូថា មានអត្ថន័យប្រែថា ទីលលាដ៍ក្បាល)។ 23 ពួកគេយកស្រាទំពាំងបាយជូរដែលលាយនឹងជ័រល្វីងទេសឲ្យព្រះអង្គ ប៉ុន្តែព្រះអង្គមិនទទួលទេ។ 24 បន្ទាប់មក ពួកគេឆ្កាងព្រះយេស៊ូវ ហើយចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោតយកវា ដើម្បីឲ្យដឹងថាអ្នកណាយកមួយណា។ 25 ពួកគេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ 26 ចំណារអំពីទោសរបស់ព្រះអង្គមានសរសេរថា “ស្ដេចនៃជនជាតិយូដា”។ 27 ពួកគេបានឆ្កាងចោរប្លន់ពីរនាក់ជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងព្រះអង្គ។ 28 ដូច្នេះ បទគម្ពីរនេះត្រូវបានបំពេញឲ្យសម្រេច ដែលថា:“លោកត្រូវគេរាប់បញ្ចូលជាមួយពួកមនុស្សអាក្រក់”។ 29 ពួកអ្នកដែលដើរកាត់ទីនោះក៏ជេរប្រមាថព្រះអង្គទាំងគ្រវីក្បាល ហើយពោលថា៖ “អ្ហាៈ! អ្នកដែលកម្ទេចព្រះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ 30 ចូរសង្គ្រោះខ្លួនឯង ដោយចុះពីឈើឆ្កាងមក!”។ 31 ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យក៏ចំអកឡកឡឺយដាក់ព្រះអង្គដូចគ្នាដែរ ដោយនិយាយគ្នាទៅវិញទៅមកថា៖ “វាបានសង្គ្រោះអ្នកដទៃ ប៉ុន្តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។ 32 ចូរឲ្យព្រះគ្រីស្ទ ជាស្ដេចអ៊ីស្រាអែលចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!”។ ពួកអ្នកដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដែរ។ ការសុគតរបស់ព្រះយេស៊ូវ 33 លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ 34 នៅម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យប្រែថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។ 35 អ្នកខ្លះដែលឈរនៅទីនោះបានឮ ក៏ពោលថា៖ “មើល៍! វាកំពុងហៅអេលីយ៉ា”។ 36 មានម្នាក់រត់ទៅ យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក ទាំងពោលថា៖ “ចាំមើលមើល៍! ក្រែងលោអេលីយ៉ាមកយកវាចុះពីឈើឆ្កាង”។ 37 ប៉ុន្តែព្រះយេស៊ូវបានបន្លឺសំឡេងយ៉ាងខ្លាំង រួចក៏ផុតដង្ហើមទៅ។ 38 ពេលនោះ វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ 39 មេទាហានលើមួយរយនាក់ដែលឈរទល់មុខព្រះអង្គ ឃើញថាព្រះអង្គផុតដង្ហើមយ៉ាងដូច្នេះ ក៏ពោលថា៖ “បុរសនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។ 40 មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។ 41 ពួកនាងជាអ្នកដែលតែងតែទៅតាមព្រះអង្គ ព្រមទាំងបម្រើព្រះអង្គផង កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ។ មានស្ត្រីឯទៀតៗជាច្រើនដែលបានឡើងមកយេរូសាឡិមជាមួយព្រះអង្គ។ ការបញ្ចុះព្រះសពព្រះយេស៊ូវ 42 លុះដល់ពេលល្ងាច ដោយសារថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ 43 យ៉ូសែបអ្នកអើរីម៉ាថេបានមក ហើយចូលទៅជួបពីឡាត់ដោយក្លាហាន រួចសុំយកព្រះសពព្រះយេស៊ូវ។ យ៉ូសែបជាសមាជិកក្រុមប្រឹក្សាដែលមានកេរ្តិ៍ឈ្មោះល្អ ហើយខ្លួនគាត់ផ្ទាល់ក៏រង់ចាំអាណាចក្ររបស់ព្រះ។ 44 ពីឡាត់ក៏ភ្ញាក់ផ្អើលដែលព្រះយេស៊ូវបានសុគតហើយ ដូច្នេះគាត់ហៅមេទាហានលើមួយរយនាក់មក សួរថាតើព្រះអង្គសុគតហើយឬនៅ។ 45 នៅពេលបានដឹងពីមេទាហានលើមួយរយនាក់ហើយ ពីឡាត់ក៏ប្រគល់ព្រះសពឲ្យយ៉ូសែប។ 46 យ៉ូសែបទិញក្រណាត់ផាឌិប ហើយយកព្រះសពចុះ រុំនឹងក្រណាត់ផាឌិបនោះ រួចដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្មដា។ បន្ទាប់មក គាត់ប្រមៀលថ្មមួយខ្ទប់នឹងមាត់រូង។ 47 រីឯម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្ដាយរបស់យ៉ូសេ ក៏ឃើញកន្លែងដែលគេដាក់ព្រះសព៕ |