ទំនុកតម្កើង 30 - ព្រះគម្ពីរខ្មែរសាកលអំណរនៅពេលព្រឹក បទតម្កើងរបស់ដាវីឌ ជាចម្រៀងនៃពិធីឆ្លងព្រះវិហារ។ 1 ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ! ដ្បិតព្រះអង្គបានស្រង់ទូលបង្គំចេញ ហើយមិនបានឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ។ 2 ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា! 3 ព្រះយេហូវ៉ាអើយ ព្រះអង្គបានយកព្រលឹងរបស់ទូលបង្គំចេញពីស្ថានមនុស្សស្លាប់ ព្រះអង្គបានរក្សាជីវិតទូលបង្គំ កុំឲ្យចុះទៅរណ្ដៅមរណៈ! 4 វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! 5 ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។ 6 ចំណែកឯទូលបង្គំវិញ កាលទូលបង្គំមានសេចក្ដីសុខស្រួល ទូលបង្គំបាននិយាយថា៖ “ទូលបង្គំនឹងមិនរង្គើជារៀងរហូត”។ 7 ព្រះយេហូវ៉ាអើយ ដោយសេចក្ដីសន្ដោសរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំឈរមាំ។ កាលព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ទូលបង្គំបានតក់ស្លុត! 8 ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ ហើយទូលអង្វរព្រះអម្ចាស់ថា៖ 9 “តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ? តើធូលីនឹងអរព្រះគុណព្រះអង្គឬ? តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ? 10 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ ហើយមេត្តាដល់ទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមធ្វើជាអ្នកជួយដល់ទូលបង្គំផង!”។ 11 ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ 12 ដើម្បីឲ្យព្រលឹងរបស់ទូលបង្គំបានច្រៀងសរសើរតម្កើងព្រះអង្គ គឺមិននៅស្ងៀមឡើយ។ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត!៕ |