ទំនុកតម្កើង 29 - ព្រះគម្ពីរខ្មែរសាកលឫទ្ធានុភាពរបស់ព្រះ បទតម្កើងរបស់ដាវីឌ។ 1 កូនទាំងឡាយរបស់ព្រះអើយ ចូរថ្វាយដល់ព្រះយេហូវ៉ា ចូរថ្វាយសិរីរុងរឿង និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា! 2 ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ។ 3 ព្រះសូរសៀងរបស់ព្រះយេហូវ៉ានៅលើទឹក ព្រះនៃសិរីរុងរឿងបញ្ចេញផ្គរលាន់ ព្រះយេហូវ៉ាគង់នៅលើទឹកដ៏ច្រើន។ 4 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានឫទ្ធិអំណាច ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអានុភាព 5 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាបំបាក់ដើមស៊ីដា ព្រះយេហូវ៉ាបំបាក់ដើមស៊ីដានៅលីបង់។ 6 ព្រះអង្គទ្រង់ធ្វើឲ្យលីបង់លោតកញ្ឆេងដូចកូនគោ ក៏ធ្វើឲ្យស៊ីរានលោតកញ្ឆេងដូចកូនគោព្រៃ។ 7 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាដាប់ឲ្យចេញជាអណ្ដាតភ្លើង 8 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថានរញ្ជួយ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទីរហោស្ថានកាដេសរញ្ជួយ។ 9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្ដាន់ញីកើតកូន ហើយធ្វើឲ្យព្រៃអស់រលីង។ នៅក្នុងព្រះវិហាររបស់ព្រះអង្គ អ្វីៗទាំងអស់ស្រែកឡើងថា៖ “សិរីរុងរឿង!”។ 10 ព្រះយេហូវ៉ាគង់លើទឹកជំនន់ ព្រះយេហូវ៉ាគង់លើបល្ល័ង្កជាស្ដេច ជារៀងរហូត។ 11 ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕ |