Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 28 - ព្រះគម្ពីរខ្មែរសាកល


ព្រះជាកម្លាំងរបស់ខ្ញុំ
បទតម្កើង ​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!

2 សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។

3 សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់ ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។

4 សូម​ធ្វើ​ដល់​ពួកគេ​តាម​ការប្រព្រឹត្ត​របស់ពួកគេ និង​តាម​សេចក្ដីអាក្រក់​នៃ​ទង្វើ​របស់ពួកគេ សូម​ធ្វើ​ដល់​ពួកគេ​តាម​ទង្វើ​នៃ​ដៃ​របស់ពួកគេ គឺ​តបសង​ដល់​ពួកគេ​នូវ​អ្វីដែល​ពួកគេ​សមតែទទួល​!

5 ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!

6 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ខ្ញុំ​។

7 ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។

8 ព្រះយេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​បន្ទាយ​នៃ​សេចក្ដីសង្គ្រោះ ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។

9 សូម​សង្គ្រោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រទានពរ​ដល់​មរតក​របស់ព្រះអង្គ​ផង សូម​ឃ្វាល​ពួកគេ ហើយ​បីត្រកង​ពួកគេ​ជារៀងរហូតតទៅ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម