Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 26 - ព្រះគម្ពីរខ្មែរសាកល


អធិស្ឋានសុំព្រះឲ្យរកយុត្តិធម៌
បទតម្កើង ​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង​! ដ្បិត​ទូលបង្គំ​បាន​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ឥត​ងាករេ​ឡើយ​។

2 ព្រះយេហូវ៉ា​អើយ សូម​ពិសោធ​ទូលបង្គំ សូម​សាកល្បង​ទូលបង្គំ សូម​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់ទូលបង្គំ​ផង​!

3 ដោយសារ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​ទូលបង្គំ ដូច្នេះ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​។

4 ទូលបង្គំ​មិន​បាន​អង្គុយ​ជាមួយ​ពួក​មនុស្ស​នៃ​សេចក្ដីមិនពិត​ឡើយ ក៏​មិន​ដើរចុះឡើង​ជាមួយ​ពួក​លាក់ពុត​ដែរ​។

5 ទូលបង្គំ​ស្អប់​អង្គប្រជុំ​របស់​ពួក​ធ្វើអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​ជាមួយ​ពួកមនុស្ស​អាក្រក់​ឡើយ​។

6 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ

7 ដើម្បី​បន្លឺ​សំឡេង​នៃ​ការអរព្រះគុណ និង​ដើម្បី​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​!

8 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ដំណាក់​ដែល​ព្រះអង្គ​គង់នៅ និង​កន្លែង​ដែល​សិរីរុងរឿង​របស់ព្រះអង្គ​ស្ថិតនៅ​។

9 សូម​កុំ​ប្រមូល​ព្រលឹង​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្សបាប សូម​កុំ​ប្រមូល​ជីវិត​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្ស​បង្ហូរឈាម​ឡើយ​។

10 នៅក្នុង​ដៃ​របស់ពួកគេ​មាន​គម្រោងអាក្រក់ ហើយ​ដៃស្ដាំ​របស់ពួកគេ​ពេញ​ដោយ​សំណូក​។

11 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ​; សូម​ប្រោសលោះ​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​។

12 ជើង​របស់ទូលបង្គំ​ឈរ​នៅ​កន្លែងរាបស្មើ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា នៅក្នុង​អង្គប្រជុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម