ទំនុកតម្កើង 129 - ព្រះគម្ពីរខ្មែរសាកលសុំព្រះឲ្យតបសងដល់មនុស្សអាក្រក់ ចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ចូរឲ្យអ៊ីស្រាអែលពោលថា៖ “គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ—— 2 គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ ប៉ុន្តែគេមិនបានឈ្នះខ្ញុំឡើយ។ 3 ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ ពួកគេបានធ្វើឲ្យគន្លងរបស់ពួកគេវែង។ 4 ព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌; ព្រះអង្គបានកាត់ចំណងរបស់មនុស្សអាក្រក់ហើយ!”។ 5 សូមឲ្យអស់អ្នកដែលស្អប់ស៊ីយ៉ូនបានអាម៉ាស់មុខ ហើយថយទៅវិញចុះ! 6 សូមឲ្យពួកគេបានដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមស្វិតមុនវាលូតលាស់ឡើង 7 ដែលមិនបានពេញក្នុងដៃរបស់អ្នកច្រូតឡើយ ក៏មិនបានពេញមួយឱបរបស់អ្នកចងកណ្ដាប់ដែរ 8 ហើយអ្នកដែលដើរកាត់ក៏មិននិយាយថា៖ “សូមឲ្យព្រះពររបស់ព្រះយេហូវ៉ាស្ថិតនៅលើអ្នករាល់គ្នា យើងសូមឲ្យពរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេហូវ៉ា” នោះឡើយ៕ |