ទំនុកតម្កើង 113 - ព្រះគម្ពីរខ្មែរសាកលសរសើរតម្កើងព្រះដែលលើកមនុស្សក្រខ្សត់ឡើង 1 ហាលេលូយ៉ា! ពួកបាវបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើង ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! 2 សូមឲ្យមានព្រះពរដល់ព្រះនាមរបស់ព្រះយេហូវ៉ា ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ 3 ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច ព្រះនាមរបស់ព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង។ 4 ព្រះយេហូវ៉ាត្រូវបានតម្កើងឡើងលើប្រជាជាតិទាំងអស់; សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃ។ 5 តើនរណាដូចព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង? ព្រះអង្គគង់លើបល្ល័ង្កដ៏ខ្ពស់បំផុត 6 ព្រះអង្គបន្ទាបអង្គទ្រង់ ដើម្បីទតមើលមកលើផ្ទៃមេឃ និងផែនដី។ 7 ព្រះអង្គទ្រង់ធ្វើឲ្យអ្នកក្រខ្សត់ក្រោកឡើងពីធូលីដី ព្រះអង្គទ្រង់លើកអ្នកខ្វះខាតឡើងពីគំនរលាមក 8 ដើម្បីឲ្យអង្គុយជាមួយបណ្ដាអភិជន គឺជាមួយបណ្ដាអភិជននៃប្រជារាស្ត្ររបស់ព្រះអង្គ។ 9 ព្រះអង្គទ្រង់ធ្វើឲ្យស្ត្រីអាររស់នៅក្នុងផ្ទះ ហើយឲ្យនាងទៅជាម្ដាយដ៏រីករាយរបស់កូនៗវិញ។ ហាលេលូយ៉ា!៕ |