ទំនុកតម្កើង 109 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីអធិស្ឋានទាស់នឹងសត្រូវ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះនៃសេចក្ដីសរសើរតម្កើងរបស់ទូលបង្គំអើយ សូមកុំនៅស្ងៀមឡើយ! 2 ដ្បិតមាត់អាក្រក់ និងមាត់បោកបញ្ឆោតបានបើកទាស់នឹងទូលបង្គំ ហើយនិយាយទាស់នឹងទូលបង្គំដោយអណ្ដាតភូតភរ 3 ក៏ព័ទ្ធជុំវិញទូលបង្គំដោយពាក្យនៃសម្អប់ ហើយវាយប្រហារទូលបង្គំដោយគ្មានមូលហេតុ។ 4 ពួកគេចោទប្រកាន់ទូលបង្គំស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំមានតែសេចក្ដីអធិស្ឋានប៉ុណ្ណោះ។ 5 ពួកគេតបសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ហើយតបសងសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។ 6 សូមតាំងមនុស្សអាក្រក់ទាស់នឹងគេ ហើយឲ្យអ្នកចោទប្រកាន់ឈរនៅខាងស្ដាំគេ។ 7 កាលណាគេត្រូវបានជំនុំជម្រះ សូមឲ្យការអាក្រក់របស់គេត្រូវបានលាតត្រដាង សូមឲ្យសេចក្ដីអធិស្ឋានរបស់គេត្រឡប់ជាបាប។ 8 សូមឲ្យថ្ងៃអាយុរបស់គេទៅជាតិច សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គេ។ 9 សូមឲ្យកូនៗរបស់គេទៅជាកូនកំព្រា ហើយឲ្យប្រពន្ធរបស់គេទៅជាស្ត្រីមេម៉ាយ។ 10 សូមឲ្យកូនៗរបស់គេដើរសាត់អណ្ដែត ហើយសុំទាន ព្រមទាំងស្វែងរកអាហារ ឆ្ងាយពីទីបាក់បែកដែលជាលំនៅរបស់ពួកវា។ 11 សូមឲ្យម្ចាស់បំណុលរឹបអូសយកអ្វីៗទាំងអស់ដែលគេមាន សូមឲ្យជនមិនស្គាល់ប្លន់យកផលពីការនឿយហត់របស់គេ។ 12 សូមកុំឲ្យមានអ្នកណាលាតសេចក្ដីសប្បុរសដល់គេឡើយ ហើយកុំឲ្យមានអ្នកណាមេត្តាដល់ពួកកូនកំព្រារបស់គេដែរ។ 13 សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។ 14 សូមឲ្យអំពើទុច្ចរិតរបស់ដូនតាគេត្រូវបាននឹកចាំនៅចំពោះព្រះយេហូវ៉ា ហើយកុំឲ្យបាបរបស់ម្ដាយគេត្រូវបានលុបចេញឡើយ។ 15 សូមឲ្យបាបទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច សូមឲ្យព្រះអង្គកាត់ការនឹកចាំអំពីគេចេញពីផែនដី 16 ពីព្រោះគេមិនបាននឹកចាំថាត្រូវអនុវត្តសេចក្ដីសប្បុរសឡើយ ផ្ទុយទៅវិញ គេបានតាមបៀតបៀនមនុស្សទ័លក្រ និងខ្វះខាត ហើយប្រគល់អ្នកដែលបាក់ទឹកចិត្តឲ្យទៅស្លាប់។ 17 គេចូលចិត្តដាក់បណ្ដាសា ដូច្នេះសូមឲ្យបណ្ដាសាធ្លាក់មកលើគេ គេមិនពេញចិត្តនឹងពរ ដូច្នេះសូមឲ្យពរចេញឆ្ងាយពីគេ។ 18 គេបានស្លៀកពាក់បណ្ដាសាដូចអាវវែង ដូច្នេះ សូមឲ្យវាជ្រាបចូលទៅខាងក្នុងគេដូចទឹក សូមឲ្យវាជ្រាបចូលទៅក្នុងឆ្អឹងគេដូចប្រេង។ 19 សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។ 20 សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។ 21 រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង! 22 ដ្បិតទូលបង្គំទ័លក្រ ហើយខ្វះខាត រីឯចិត្តរបស់ទូលបង្គំក៏រងរបួសនៅខាងក្នុងទូលបង្គំដែរ។ 23 ទូលបង្គំបានអស់ទៅដូចជាស្រមោលដែលជ្រេទៅ ហើយត្រូវបានរលាស់ចេញដូចជាកណ្ដូប។ 24 ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។ 25 ទូលបង្គំបានទៅជាទីត្មះតិះដៀលដល់ពួកគេ; កាលណាពួកគេឃើញទូលបង្គំ ពួកគេក៏គ្រវីក្បាល។ 26 ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! 27 សូមឲ្យពួកគេដឹងថានេះជាព្រះហស្តរបស់ព្រះអង្គ; ព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ដែលបានធ្វើការនេះ។ 28 ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។ 29 សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង! 30 ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាយ៉ាងខ្លាំង ដោយមាត់របស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមមនុស្សជាច្រើន។ 31 ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕ |