កិច្ចការ 22 - ព្រះគម្ពីរខ្មែរសាកល1 “អស់លោកជាបងប្អូន និងជាឪពុកអើយ ឥឡូវនេះសូមស្ដាប់ពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំទៅកាន់អ្នករាល់គ្នាសិន!”។ 2 នៅពេលប្រជាជនបានឮប៉ូលនិយាយជាភាសាហេព្រើរ ពួកគេរឹតតែស្ងៀមស្ងាត់ថែមទៀត។ នោះប៉ូលនិយាយបន្តថា៖ 3 “ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។ 4 ខ្ញុំបានបៀតបៀនមាគ៌ានេះ ដោយចងទាំងប្រុសទាំងស្រីដាក់គុក រហូតដល់ស្លាប់ 5 ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។ ទីបន្ទាល់របស់ប៉ូល 6 “ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅជិតដល់ដាម៉ាស់ មានកើតឡើងដូច្នេះ: ប្រហែលជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។ 7 ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយនឹងខ្ញុំថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង?’។ 8 “ខ្ញុំក៏តបថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។ “ព្រះអង្គមានបន្ទូលនឹងខ្ញុំថា:‘យើងគឺយេស៊ូវអ្នកណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន’។ 9 រីឯអ្នកដែលនៅជាមួយខ្ញុំបានឃើញពន្លឺនោះមែន ប៉ុន្តែមិនបានឮសំឡេងដែលនិយាយនឹងខ្ញុំនោះទេ។ 10 “ខ្ញុំនិយាយថា: ‘ព្រះអម្ចាស់ តើទូលបង្គំត្រូវធ្វើដូចម្ដេច?’។ “ព្រះអម្ចាស់មានបន្ទូលនឹងខ្ញុំថា:‘ចូរក្រោកឡើង ចូលទៅដាម៉ាស់ចុះ ហើយនៅទីនោះ គេនឹងប្រាប់អ្នកនូវអ្វីៗទាំងអស់ដែលបានកំណត់ឲ្យអ្នកធ្វើ’។ 11 “ដោយខ្ញុំមើលមិនឃើញព្រោះតែរស្មីរុងរឿងនៃពន្លឺនោះ ខ្ញុំក៏ត្រូវអ្នកដែលនៅជាមួយខ្ញុំ ដឹកដៃចូលទៅដាម៉ាស់។ 12 មានបុរសម្នាក់ឈ្មោះអាណានាស គាត់មានជំនឿស៊ប់ស្របតាមក្រឹត្យវិន័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ។ 13 គាត់បានមករកខ្ញុំ ហើយឈរនៅក្បែរខ្ញុំ ទាំងនិយាយថា: ‘សូលជាបងប្អូនអើយ ចូរឲ្យអ្នកបានមើលឃើញវិញចុះ!’ នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់។ 14 គាត់និយាយទៀតថា: ‘ព្រះនៃដូនតារបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គ និងឲ្យឃើញព្រះអង្គដ៏សុចរិតយុត្តិធម៌ ព្រមទាំងឲ្យឮព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះអង្គផង 15 ដ្បិតអ្នកនឹងបានជាសាក្សីរបស់ព្រះអង្គដល់មនុស្សទាំងអស់ អំពីអ្វីដែលអ្នកបានឃើញ និងបានឮ។ 16 ឥឡូវនេះ តើអ្នកបង្អែបង្អង់អីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយលាងសម្អាតបាបរបស់អ្នក ដោយហៅរកព្រះនាមរបស់ព្រះអង្គទៅ!’។ 17 “ក្រោយមក ខ្ញុំបានត្រឡប់មកយេរូសាឡិមវិញ ហើយខណៈដែលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មារតី 18 ឃើញព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា:‘ចូរប្រញាប់ចាកចេញពីយេរូសាឡិមភ្លាម ពីព្រោះគេនឹងមិនទទួលយកពាក្យបន្ទាល់របស់អ្នកអំពីយើងទេ’។ 19 “ខ្ញុំទូលថា: ‘ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងហើយថា ទូលបង្គំតែងតែចាប់អ្នកដែលជឿទុកចិត្តលើព្រះអង្គដាក់គុក ព្រមទាំងវាយពួកគេនៅតាមសាលាប្រជុំផង។ 20 កាលគេបានបង្ហូរឈាមស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ទូលបង្គំផ្ទាល់ក៏ឈរនៅទីនោះដែរ ដោយយល់ស្រប ថែមទាំងយាមអាវវែងរបស់ពួកអ្នកដែលសម្លាប់គាត់ទៀតផង’។ 21 “ព្រះអម្ចាស់ក៏មានបន្ទូលនឹងខ្ញុំថា:‘ចូរទៅចុះ! ដ្បិតយើងនឹងចាត់អ្នកឲ្យទៅឆ្ងាយ ទៅរកបណ្ដាសាសន៍ដទៃ’”។ សញ្ជាតិរ៉ូម៉ាំងរបស់ប៉ូល 22 ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។ 23 ពួកគេស្រែកឡើង ទាំងគ្រវែងអាវវែងរបស់ខ្លួនចោល ហើយបាចធូលីទៅក្នុងខ្យល់។ 24 មេបញ្ជាការក៏បញ្ជាឲ្យនាំប៉ូលចូលទៅក្នុងបន្ទាយ ហើយប្រាប់ឲ្យសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងមូលហេតុដែលពួកគេស្រែកដាក់គាត់ដូច្នេះ។ 25 ប៉ុន្តែនៅពេលពួកគេបានចងសន្ធឹងប៉ូលនឹងខ្សែស្បែក គាត់ក៏និយាយនឹងមេទាហានលើមួយរយនាក់ ដែលឈរនៅទីនោះថា៖ “តើការដែលពួកលោកវាយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំងនឹងខ្សែតីដោយមិនបានកាត់ក្ដី ត្រូវច្បាប់ឬទេ?”។ 26 នៅពេលឮដូច្នេះ មេទាហានលើមួយរយនាក់ក៏ចូលទៅរាយការណ៍ដល់មេបញ្ជាការថា៖ “តើលោកបម្រុងនឹងធ្វើអ្វី? ដ្បិតអ្នកនេះមានសញ្ជាតិរ៉ូម៉ាំង!”។ 27 មេបញ្ជាការក៏ចូលមកជិត សួរប៉ូលថា៖ “ចូរប្រាប់ខ្ញុំមក៍! តើអ្នកមានសញ្ជាតិរ៉ូម៉ាំងឬ?”។ ប៉ូលឆ្លើយថា៖ “បាទ ខ្ញុំមាន”។ 28 មេបញ្ជាការនិយាយថា៖ “ខ្ញុំបានទិញសញ្ជាតិនេះដោយចំនួនប្រាក់ជាច្រើន”។ ប៉ូលនិយាយថា៖ “ខ្ញុំមានសញ្ជាតិនេះតាំងពីកំណើតមកម្ល៉េះ”។ 29 ពេលនោះ ពួកអ្នកដែលបម្រុងនឹងសួរចម្លើយគាត់ ក៏ដកខ្លួនចេញភ្លាម។ មេបញ្ជាការក៏ភ័យខ្លាច ដោយដឹងថាប៉ូលមានសញ្ជាតិរ៉ូម៉ាំង និងដឹងថាខ្លួនបានចាប់ចងគាត់។ ប៉ូលនៅមុខក្រុមប្រឹក្សា 30 នៅថ្ងៃបន្ទាប់ ដោយមេបញ្ជាការចង់ដឹងយ៉ាងច្បាស់លាស់នូវមូលហេតុដែលប៉ូលត្រូវពួកជនជាតិយូដាចោទប្រកាន់ ដូច្នេះលោកក៏ស្រាយប៉ូល ហើយបញ្ជាឲ្យពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចនាំប៉ូលមកឲ្យឈរនៅមុខពួកគេ។ |