ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច។
ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។
ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនេះកំពុងតែបង្កើតផល ហើយចម្រើនឡើងដល់ពិភពលោកទាំងមូល ដូចបានបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណរបស់ព្រះយ៉ាងពិតប្រាកដ
សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។
ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។
ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត?
បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។
ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិនរាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ប៉ុន្ដែ យើងជឿថា យើងបានសង្គ្រោះ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ»។
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំបានធ្វើជាអ្នកបម្រើដំណឹងល្អនោះ តាមព្រះគុណរបស់ព្រះ ជាអំណោយទានដែលព្រះអង្គប្រទានមកខ្ញុំ ដោយព្រះចេស្តារបស់ព្រះអង្គដែលធ្វើការ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។ ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ដ្បិតដោយព្រះគុណដែលបានប្រទានមកខ្ញុំ ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នាថា មិនត្រូវគិតពីខ្លួនឯងឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ តែចូរគិតឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យរៀងខ្លួនវិញ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងអស់ទាំងសេចក្ដីសប្បុរសរបស់យើងនៅចំពោះមុខអ្នក ក៏នឹងប្រកាសពីឈ្មោះរបស់យើងជា "យេហូវ៉ា" នៅមុខអ្នកដែរ យើងនឹងប្រោសអ្នកណាដែលយើងចង់ប្រោស ហើយនឹងសម្ដែងសេចក្ដីមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា»។
ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ
ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។
ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។
ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះយេហូវ៉ាប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា
ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនថាយើងបានស្រឡាញ់ព្រះនោះទេ គឺព្រះអង្គបានស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាព្រះអង្គមក ទុកជាតង្វាយលោះបាបយើងផង។
ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះហើយបានជាយើងទាញអ្នកមក ដោយសេចក្ដីសប្បុរស។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃមនុស្ស ដែលជាគំរូពីអ្វីៗដ៏ពិតនោះទេ គឺចូលទៅក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញព្រះអង្គទ្រង់នៅចំពោះព្រះភក្ត្ររបស់ព្រះជំនួសយើង។ ព្រះអង្គមិនត្រូវថ្វាយព្រះអង្គទ្រង់ ម្តងហើយម្តងទៀត ដូចសម្តេចសង្ឃ ដែលតែងចូលទៅក្នុងទីបរិសុទ្ធរាល់ឆ្នាំ ទាំងយកឈាម ដែលមិនមែនជាឈាមខ្លួនឯងនោះឡើយ ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ហើយចុះសំពៅពីទីនោះ ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់លោកទាំងពីរ ក្នុងព្រះគុណរបស់ព្រះ សម្រាប់ការងារដែលទើបនឹងធ្វើសម្រេចនេះ។
ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដ្បិតសេចក្ដីទាំងនោះ មានតាំងពីបុរាណរៀងមក។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង!
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ
៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ព្រលឹងទូលបង្គំរឭក អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា ជាពន់ពេក ចិត្ត និងសាច់ឈាមទូលបង្គំ ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
«មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។