ចង់ប្រាប់បងប្អូនថា ស្នេហាពិតមិនមែនគ្រាន់តែពាក្យសំដីផ្អែមល្ហែម ឬកាដូដ៏ស្រស់ស្អាតនោះទេ។ ស្នេហាពិតដែលបងប្អូននឹងចងចាំជានិច្ចគឺការអធិស្ឋានសុំព្រះជួយថែរក្សាពួកគាត់។ ព្រោះមានកន្លែងខ្លះដែលយើងមិនអាចទៅដល់ តែការអធិស្ឋានអាចធ្វើឲ្យមានរឿងអស្ចារ្យកើតឡើងបាន។
សូមឲ្យពាក្យសំដីដែលចេញពីមាត់យើង ក្លាយជាពរជ័យដល់អ្នកដទៃ ដូច្នេះទើបយើងអាចបន្សល់ទុកនូវស្នាមញញឹម និងមិត្តភាពដ៏រឹងមាំជារៀងរហូត។
ក្នុងព្រះគម្ពីរមានខគម្ពីរជាច្រើនដែលយើងអាចយកទៅចែករំលែក ឬឧទ្ទិសជូនដល់អ្នកដែលបានជួយធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង អ្នកដែលបានបង្រៀន និងចង់ឲ្យយើងរីកចម្រើន អ្នកដែលព្រះបានចាត់ឲ្យមកថែរក្សាយើងទាំងក្នុងគ្រាសុខ និងទុក្ខ។ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «គម្ពីរទាំងមូលបានដឹកនាំដោយព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន សម្រាប់កែតម្រូវ សម្រាប់ណែនាំក្នុងផ្លូវសុចរិត» (២ធីម៉ូថេ ៣:១៦)។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
សូមឲ្យវិញ្ញាណអ្នករាល់គ្នា បានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។
ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែទុក្ខលំបាក តែងហែកហួរព្រលឹងមនុស្ស ។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
ខ្ញុំតែងអរព្រះគុណដល់ព្រះរបស់ខ្ញុំជានិច្ច ហើយនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ព្រោះខ្ញុំបានឮពីសេចក្ដីស្រឡាញ់របស់អ្នកដល់ពួកបរិសុទ្ធទាំងអស់ និងពីជំនឿរបស់អ្នកដល់ព្រះអម្ចាស់យេស៊ូវ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
ពេលដាវីឌបានទូលស្ដេចសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ។ ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។ ដូច្នេះ ស្ដេចសូលក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាគង់នៅជាមួយលោក តែបានថយចេញពីទ្រង់វិញ ហេតុដូច្នោះ ស្ដេចសូលក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្ដាទ័ពចេញចូល។ លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាគង់ជាមួយផង។ ពេលស្ដេចសូលឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ ទ្រង់កោតខ្លាចដល់លោក តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ព្រោះលោកជាអ្នកនាំមុខគេចេញចូល។ នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។ ដាវីឌទូលឆ្លើយទៅសូលថា៖ «តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួសាររបស់ឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើជាកូនប្រសារបស់ព្រះករុណាដូច្នេះ?» តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប បុត្រីស្ដេចសូលទៅដាវីឌ នោះត្រឡប់ទៅជាលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ។ នៅថ្ងៃនោះ ស្ដេចសូលក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅផ្ទះរបស់ឪពុកវិញទៀតទេ។ ឯមីកាលជាបុត្រីស្ដេចសូល នាងប្រតិព័ទ្ធស្រឡាញ់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល ការនោះក៏គាប់ព្រះហឫទ័យដល់ទ្រង់ ស្ដេចសូលនឹកថា៖ «អញនឹងឲ្យនាងទៅវាចុះ ដើម្បីជាអន្ទាក់ដល់វា ហើយឲ្យដៃពួកភីលីស្ទីនបានទាស់នឹងវា»។ ដូច្នេះ ស្ដេចសូលក៏មានរាជឱង្ការទៅកាន់ដាវីឌថា៖ «នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាយើង ដោយសារនាងបន្ទាប់ នេះវិញ»។ ស្ដេចសូលក៏បង្គាប់ដល់ពួកមហាតលិកថា៖ «ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា "មើល៍ ស្តេចសព្វព្រះហឫទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ"»។ ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា៖ «តើអ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ដែលខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផងនោះ?» ពួកមហាតលិកក៏នាំពាក្យនោះទៅក្រាបទូលដល់ទ្រង់ថា៖ «ដាវីឌបាននិយាយដូច្នេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។ ដូច្នេះ ពេលពួកមហាតលិកបាននាំពាក្យទៅប្រាប់ដល់ដាវីឌវិញហើយ លោកក៏សុខចិត្តធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សម្រេចនៅឡើយ បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅ រួចសម្លាប់ពួកភីលីស្ទីនបានពីររយនាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះស្ដេចសូលប្រទាននាងមីកាលជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ។ ស្ដេចសូលយល់ឃើញថា ព្រះយេហូវ៉ាបានគង់ជាមួយដាវីឌ ឯនាងមីកាល ជាបុត្រីក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក ដូច្នេះ ស្ដេចសូលខ្លាចដាវីឌរឹតតែខ្លាំងឡើង ក៏ធ្វើជាសត្រូវនឹងលោកចាប់ពីពេលនោះទៅ។ ខណៈនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ! ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន ព្រោះសត្រូវរបស់ទូលបង្គំ មិនបានឈ្នះទូលបង្គំឡើយ។ ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង ដោយព្រោះទូលបង្គំទៀងត្រង់ ហើយព្រះអង្គបានតាំងទូលបង្គំ ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។ ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន ហើយអាម៉ែន។ ព្រះយេហូវ៉ានឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ហើយសូមឲ្យព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាចម្រើនកាន់តែច្រើនឡើងជាបរិបូរ ខាងឯសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងដល់មនុស្សទាំងអស់ ដូចជាយើងស្រឡាញ់អ្នករាល់គ្នាដែរ។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ចូរស្តាប់ដំបូន្មាន ហើយទទួលប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។ សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ
៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា! អ្នករាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី!