អេសេគាល 32:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ និងប្រជាជនជាច្រើនរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ អាល់គីតាប នេះជាបទទំនួញដែលគេត្រូវច្រៀងនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងច្រៀងទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាពិចារណាចុះ ហើយហៅពួកស្រីស៊ីឈ្នួលយំឲ្យមក ចូរចាត់គេឲ្យទៅហៅពួកស្រីវាងវៃឲ្យមកដែរ។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។
«កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។