១ របាក្សត្រ 22:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើង បំពេញកិច្ចការនេះចុះ! សូមព្រះអម្ចាស់គង់ជាមួយបុត្រ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំ ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯមាស ប្រាក់ លង្ហិន នឹងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។ អាល់គីតាប រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមអុលឡោះតាអាឡានៅជាមួយកូន!»។ |
ព្រះបាទសាឡូម៉ូនឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។
បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។
មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។
ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន
ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់សព្វព្រះហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់ ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការងារចុះ!»។
ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចម្រុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជម្នះ ដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្តរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ឲ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថា: «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។
«ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។
ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ ឱនមុខដល់ដីដូច្នេះ?
ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។
ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។
សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។