ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!
១ ថែស្សាឡូនីច 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្តដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអម្ចាស់ផ្ទាល់នឹងយាងចុះមកពីលើមេឃ ដោយសម្រែកបញ្ជា ដោយសំឡេងរបស់មហាទូតសួគ៌ និងដោយសំឡេងត្រែរបស់ព្រះ នោះមនុស្សស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន Khmer Christian Bible ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មកទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដនឹងរស់ឡើងវិញមុនគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ អាល់គីតាប ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមេម៉ាឡាអ៊ីកាត់ និងសំឡេងត្រែរបស់អុលឡោះ អ៊ីសាជាអម្ចាស់ផ្ទាល់នឹងចុះពីសូរ៉កាមក។ អស់អ្នកជឿលើអាល់ម៉ាហ្សៀសដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន |
ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!
ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប នឹងនាំគ្នាវិលត្រឡប់មកវិញ គេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ ដែលមានចំនួនច្រើនលើសលុប និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះវិហារ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែង ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
លុះដល់បុត្រមនុស្ស*ប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ*»។
«នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវតា* ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។
ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកលើពពក*ក្នុងផ្ទៃមេឃ»។
ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានបរមសុខដែរ»។
រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ត ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
ប៉ុន្តែ ព្រះគ្រិស្តពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ។
ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស*របស់ព្រះគ្រិស្តនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។
បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខ*មក គឺព្រះយេស៊ូ ដែលព្រះអង្គបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងឲ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។
សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ទ្រង់រៀបចំផ្លូវឲ្យយើងមករកបងប្អូន។
ហើយព្រះអង្គនឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធានុភាព។
បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។
នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!» ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ
មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថា: «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។
ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូប ដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។