ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
អេម៉ុស 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួស ចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។ មានសាកសពពាសពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ បទចម្រៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសម្រែកទ្រហោយំ មានសាកសពយ៉ាងច្រើនសន្ធឹក ហើយត្រូវគេបោះចោលគ្រប់ទីកន្លែង។ ចូរស្ងៀមស្ងាត់!» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ បទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ នឹងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់។ អាល់គីតាប នៅថ្ងៃនោះ សំរែកថ្ងូរនឹងមកជំនួស ចំរៀងសប្បាយនៅក្នុងម៉ាស្ជិទ។ មានសាកសពពាសពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!”
ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។
អ្នកភ្ជួររាស់បាក់ទឹកចិត្ត អ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេង ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ ហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។
មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។
អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ បរិភោគសាច់ចៀម និងកូនគោបំប៉ន។
ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុប យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
កងទ័ពសេះវាយសម្រុកចូលមក មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាកសពគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា ដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជា ព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀង ឲ្យបានបរិសុទ្ធហើយ។