ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។
ហេព្រើរ 9:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។ ព្រះគម្ពីរខ្មែរសាកល តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់ជម្រះដោយឈាមបាន ហើយបើគ្មានការបង្ហូរឈាម ក៏គ្មានការលើកលែងទោសដែរ។ Khmer Christian Bible ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមពិត ក្រោមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការខ្ចាយឈាមទេ នោះក៏គ្មានការអត់ទោសឲ្យរួចពីបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយតាមក្រិត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។ អាល់គីតាប តាមហ៊ូកុំ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។ |
ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។
បូជាចារ្យយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្ដាំ លើមេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។
បូជាចារ្យចាក់កកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ។
បូជាចារ្យយកសត្វស្លាបមួយទៀត ដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារ-ក នៅពីលើផើងទឹកទើបនឹងដងមកនោះ។
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។
លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
លោកពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។
គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។
គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។