ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 29:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា។ នេះ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​តង្វាយ​ដុត​នឹង​ភ្លើង សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​នឹង​ភ្លើង​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​គូរបាន​ដុត ជូន អុលឡោះ‌តាអាឡា គឺ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត អុលឡោះ‌តាអាឡា។

សូមមើលជំពូក



និក្ខមនំ 29:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។


ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។


ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រាហាំ​ជា​ឪពុក​ថា៖ «ពុក!»។ លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន!»។ អ៊ីសាក​ពោល​ថា៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ឯ​ណា?»។


លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។


ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។


ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។


ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។


យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។


ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះ‌វៀន និង​ជើង​របស់​វា​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។


បន្ទាប់​មក ចូរ​យក​តង្វាយ​ពី​ដៃ​ពួក​គេ​ទៅ​ដុត​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ថ្វាយ​យើង​ឬ? យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជា របស់​អ្នក​រាល់​គ្នា​ដែរ»។


គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្ដាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​បូជា‌ចារ្យ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោ រួច​បូជា‌ចារ្យ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។


គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។


បើ​យើង​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត»។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ ។


ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បងប្អូន តាម​រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។


លោក​សាំយូ‌អែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។