ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
កាឡាទី 3:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។ Khmer Christian Bible ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។ អាល់គីតាប ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។ |
ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
ប៉ុន្តែ ថ្ងៃមួយ ព្រះអម្ចាស់នឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើង ពេលនោះ វាលរហោស្ថាន នឹងប្រែទៅជាចម្ការដំណាំ ហើយចម្ការដំណាំមានដើមឈើដុះដេរដាស ដូចជាព្រៃព្រឹក្សាវិញ។
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ!
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់លោកយ៉ាកុបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
យើងនឹងឲ្យពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយឲ្យពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើកូនចៅអ៊ីស្រាអែល» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យអស់អ្នក ដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។
ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធានុភាព»។
ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿង នៅឡើយ។
ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។
ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។
យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។
ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់?
បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា ! ឱព្រះបិតា!»។
ដោយសារព្រះគ្រិស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។
សូមព្រះអង្គមេត្តាប្រោសឲ្យបងប្អូន មានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
បងប្អូនបានជម្រះព្រលឹងឲ្យបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា ។