អេសេគាល 32:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។ អាល់គីតាប នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។ |
គឺមុនដែលថ្ងៃ ពន្លឺ ខែ នឹងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ នឹងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
ចូរសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងទ្រង់ធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះទ្រង់នឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្ដីស្លាប់ នឹងជាងងឹតយ៉ាងក្រាស់វិញ
នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹមនៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ
ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជំរៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា
ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ នឹងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះផង
ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក
ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ នឹងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ។