អេសេគាល 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទំលាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចំបាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធ ទេ។ អាល់គីតាប ណាពីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃរបស់អុលឡោះតាអាឡា»ទេទេ។ |
ដូច្នេះ ទ្រង់បានមានបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។
គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ
ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ
អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញនឹងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង
ដ្បិតព្រះយេហូវ៉ា ទ្រង់មានថ្ងៃសំរាប់សងសឹក មានឆ្នាំសំរាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន
ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែលឈរ នៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ
ប៉ុន្តែ បើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ នឹងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។
បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយនឹងគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម បានត្រូវដឹកនាំយកទៅឯក្រុងបាប៊ីឡូនទៀត
អញបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែងឡើង ហើយឈរនៅចន្លោះបាក់បែកនៅមុខអញជំនួសគេ ដើម្បីឲ្យអញមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែអញរកមិនបានអ្នកណាមួយសោះ
ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ នឹងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្តា
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសំរេចទោស
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឥឡូវនេះ ខ្ញុំសូមអ្នករាល់គ្នាឲ្យទូលអង្វរដល់ព្រះ ដើម្បីឲ្យទ្រង់បានផ្តល់ព្រះគុណដល់យើង ការទាំងអស់នេះបានកើតដោយសារអ្នករាល់គ្នាហើយ ដូច្នេះ តើទ្រង់នឹងទទួលមុខអ្នករាល់គ្នាណា១ឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់
រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត
មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា នោះឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ