ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 9:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ម្ដងជាសម្រេច ទាំង​ធ្វើឲ្យសម្រេច​នូវ​ការប្រោសលោះ​ដ៏អស់កល្បជានិច្ច មិនមែន​ដោយ​ឈាម​ពពែ ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​ព្រះលោហិត​របស់អង្គទ្រង់ផ្ទាល់​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មិនបាន​យក​ឈាម​ពពែ​ឈ្មោល​ ឬ​ឈាម​កូន​គោ​ទេ​ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏អស់​កល្ប​ជានិច្ច។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយ​ក្នុង​ទីសក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជានិច្ច​ផង។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ឈាម​របស់​គាត់​ផ្ទាល់​ចូល​ទៅ​ជូន​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។

សូមមើលជំពូក



ហេព្រើរ 9:12
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង នឹង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង នឹង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក នឹង​បិទ​ត្រា​ការ​ជាក់​ស្តែង នឹង​សេចក្ដី​ទំនាយ ហើយ​នឹង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង


រួច​អើរ៉ុន​ត្រូវ​សំឡាប់​ពពែ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប​ដែល​ថ្វាយ​សំរាប់​ពួក​ជន ហើយ​យក​ឈាម​នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ


បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ


ចូរ​នាំ​យក​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​សំលៀក‌បំពាក់ ប្រេង​ចាក់​តាំង គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ចៀម​ឈ្មោល​២ នឹង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង


បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ


ចូរមើល​ថ្ម ដែល​អញ​បាន​ដាក់​នៅ​មុខ​យេសួរ​ចុះ នៅ​ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​៧ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចារឹក​ចំឡាក់​ដែល​ត្រូវ​ឆ្លាក់​នៅ​ថ្ម​នោះ ហើយ​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ពី​ស្រុក​នេះ​ចេញ​ក្នុង​១​ថ្ងៃ


តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​ដែល​បាន​អត់​ទោស​ឲ្យ​ឡើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​ទោស នៅ​អស់​‌កល្ប​ជានិច្ច​វិញ


សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ


ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់


យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់


ហើយ​ឲ្យ​បាន​ចាំ​ព្រះ‌រាជ‌បុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រោស​ឲ្យ​យើង​រួច​ពី​សេចក្ដី​ខ្ញាល់​ទៅ​មុខ។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ


គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សំអាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ


ដ្បិត​ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ


ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់


រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់


ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង


ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល នឹង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ


ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ឥត​សៅ‌ហ្មង ដល់​ព្រះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ


ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រិត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ នឹង​ឈាម​ពពែ ព្រម​ទាំង​ទឹក នឹង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ


ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។


តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក នឹង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ


ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប


ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ