វិវរណៈ 7:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយបម្រើព្រះអង្គក្នុងព្រះវិហាររបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះអង្គដែលគង់លើបល្ល័ង្កនោះ ក៏នឹងពន្លាតរោងលើពួកគេ។ Khmer Christian Bible ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងព្រះពន្លា*របស់ព្រះអង្គ ។ អាល់គីតាប ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់អុលឡោះ និងគោរពបម្រើទ្រង់ទាំងថ្ងៃទាំងយប់ នៅក្នុងម៉ាស្ជិទរបស់ទ្រង់។ ទ្រង់ដែលនៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងជំរំសក្ការៈរបស់ទ្រង់។ |
ដ្បិតដាវីឌទ្រង់បានមានបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ
ព្រះវិហាររបស់អញនឹងនៅជាមួយនឹងគេដែរ អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្ដីខ្ពើមដល់ឯងរាល់គ្នាឡើយ
ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត
តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា
តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ
រីឯដែលបង្រួមសេចក្ដីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌
នោះមានគេបើកព្រះវិហារនៃព្រះនៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្ដីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី នឹងព្រឹលយ៉ាងធំៗ។
វាបើកមាត់ប្រមាថដល់ទាំងព្រះ នឹងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង
រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង នឹងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ នឹងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។
ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ
គ្រានោះ នឹងគ្មានសេចក្ដីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ នឹងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបំរើទ្រង់
ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបតទៅ។
នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល
តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត
កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម នឹងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ