លោកុប្បត្តិ 31:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ ព្រះគម្ពីរខ្មែរសាកល ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុកមកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។ អាល់គីតាប ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុក មកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្តូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។ |
ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ
ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់
ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ
ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ
ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ