និក្ខមនំ 16:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេ នឹងអើរ៉ុន ក៏ប្រកាសប្រាប់ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺជាព្រះយេហូវ៉ាហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រកាសប្រាប់កូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺព្រះយេហូវ៉ាទេដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អាល់គីតាប ម៉ូសា និងហារូន ប្រាប់ជនជាតិអ៊ីស្រអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺអុលឡោះតាអាឡាទេតើ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ |
ហើយនៅថ្ងៃនោះឯង ព្រះយេហូវ៉ា ទ្រង់ក៏នាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទដោយពួកកងរបស់គេ។
គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។
ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
នោះម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្ដីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ
រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ
តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។