នាងអេសធើរ 1:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីនោះក៏គាប់សព្វព្រះទ័យដល់ស្តេច នឹងចិត្តនៃពួកនាយកផង រួចស្ដេចទ្រង់ក៏ធ្វើតាមពាក្យរបស់មមូកាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យោបល់នេះគាប់ព្រះហឫទ័យដល់ស្តេច និងពេញចិត្តដល់ពួកមន្ត្រីណាស់ ហើយស្ដេចក៏ធ្វើតាមពាក្យរបស់មមូកាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកមមូកាន អាល់គីតាប ស្តេចពេញចិត្តនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ស្តេចក៏ធ្វើតាមសំណើរបស់លោកមមូកាន |
បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង
ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង
ទ្រង់ផ្ញើព្រះរាជសារទៅដល់អស់ទាំងខេត្តរបស់ស្តេច គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិរបស់គេ ហើយទៅគ្រប់ទាំងសាសន៍ តាមភាសារបស់គេ បង្គាប់ថា មនុស្សប្រុសៗត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ខ្លួន ហើយសេចក្ដីនោះក៏បានប្រកាសទួទៅ តាមភាសារបស់ជនគ្រប់ជាតិ។
រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។