កិច្ចការ 14:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន ព្រះគម្ពីរខ្មែរសាកល ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។ Khmer Christian Bible ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ អាល់គីតាប លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។ |
រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ
ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង
ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត នោះចូរខ្វេះចោលទៅ ស៊ូឲ្យអ្នកចូលក្នុងនគរព្រះមានភ្នែកតែ១ ជាជាងមានភ្នែកទាំង២ ហើយត្រូវបោះចោលទៅក្នុងភ្លើងនរកវិញ
តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី
បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន
ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ
ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ
កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់
កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។
ដូច្នេះ ពួកសិស្សក៏គិតសំរេច នឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដា តាមកំឡាំងរៀងខ្លួន
កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៍យូដា នឹងពួកចូលសាសន៍ជាច្រើនដែលមកថ្វាយបង្គំ គេដើរតាមប៉ុល នឹងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។
ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់ រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាស ក៏ចេញទៅឯឌើបេ
ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង
នោះគាត់ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង។
គាត់នៅទីនោះជាយូរក្រែល រួចចេញទៅដើរកាត់ស្រុកកាឡាទី នឹងស្រុកព្រីគាដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង។
ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ
បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។
ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ
នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ ឥតងាកបែរចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។
ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។
ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ
ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ
ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច
ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ
ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។
ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច
យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម