ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
កាឡាទី 3:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង។ ព្រះគម្ពីរខ្មែរសាកល ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។ Khmer Christian Bible បើអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ហើយជាអ្នកស្នងមរតកតាមសេចក្ដីសន្យាទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ត បងប្អូនជាពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។ អាល់គីតាប ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។ |
ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។
តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក
អ្នករាល់គ្នាមើលតែឫកពាខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ
រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «នឹងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ
ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រិត្យវិន័យ នោះមិនមែនអាងសេចក្ដីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ
ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ
ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ
ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្ដីរំជួល នឹងសេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានផង
សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្ដីសុខសាន្ត នឹងសេចក្ដីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង។
គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។
ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។
ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ
ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ