អំពីអាហារដែលគេសែនដល់រូបព្រះ1 រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។ 2 ប្រសិនបើអ្នកណាស្មានថា ខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមការដែលខ្លួនត្រូវចេះដឹងនៅឡើយទេ 3 តែបើអ្នកណាស្រឡាញ់ព្រះ នោះព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ 4 ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។ 5 ដ្បិតទោះបើមានអ្វីដែលហៅថាព្រះនៅលើមេឃ ឬនៅផែនដីក៏ដោយ (ហើយទោះជាមានព្រះជាច្រើន និងម្ចាស់ជាច្រើនមែន) 6 តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។ 7 ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ ដ្បិតមានអ្នកខ្លះ ដោយធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ គេនៅតែគិតថា អាហារដែលគេបរិភោគ ជាសំណែនដែលបានសែនដល់រូបព្រះ ម៉្លោះហើយមនសិការរបស់គេដែលខ្សោយ ក៏ត្រូវសៅហ្មង។ 8 ប៉ុន្តែ មិនមែនចំណីអាហារទេដែលធ្វើឲ្យយើងខិតចូលជិតព្រះ។ បើយើងមិនបរិភោគ ក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9 ប៉ុន្តែ ត្រូវប្រយ័ត្ន ក្រែងសេរីភាពបែបនេះរបស់អ្នករាល់គ្នា បែរជាធ្វើឲ្យអ្នកទន់ខ្សោយជំពប់ដួល។ 10 ដ្បិតបើអ្នកណាឃើញអ្នក ដែលជាអ្នកចេះដឹងកំពុងអង្គុយបរិភោគក្នុងវិហាររបស់រូបព្រះ នោះតើមិនបានលើកទឹកចិត្តអ្នកទន់ខ្សោយឲ្យបរិភោគសំណែន ដែលបានសែនដល់រូបព្រះដែរទេឬ? 11 ដូច្នេះ បងប្អូនទន់ខ្សោយ ដែលព្រះគ្រីស្ទបានសុគតជំនួស នឹងត្រូវវិនាសដោយសារតែការចេះដឹងរបស់អ្នក។ 12 ពេលអ្នករាល់គ្នាធ្វើបាបចំពោះពួកបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់គេមានរបួស នោះអ្នករាល់គ្នាធ្វើបាបចំពោះព្រះគ្រីស្ទហើយ។ 13 ដូច្នេះ បើចំណីអាហារជាហេតុនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនបរិភោគសាច់ជារៀងរហូត ក្រែងបងប្អូនរបស់ខ្ញុំជំពប់ដួលដោយសារខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia