ការវិលត្រឡប់មកមានសេរីភាពនៅស៊ីយ៉ូនវិញ1 ទីរហោស្ថាន ហើយទីហួតហែង នឹងមានអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប 2 គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។ 3 ចូរចម្រើនកម្លាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង។ 4 ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។ 5 គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន 6 គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ 7 ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង។ 8 ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។ 9 នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។ 10 ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia