ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេម៉ុស 6

វេទនា​ដល់​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​កង្វល់​ក្នុង​ក្រុង​ស៊ីយ៉ូន

1 វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!

2 ចូរ​ឆ្លង​ទៅ​ក្រុង​កាលនេ ហើយ​ពិចារ‌ណា​មើល​ចុះ ពីទី​នោះ​រហូត​ទៅ​ដល់​ហាម៉ាត​ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​សាសន៍​ភីលី‌ស្ទីន។ តើ​អ្នក​រាល់​គ្នា​វិសេស​ជាង នគរ​ទាំង​នេះ​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?

3 ឱ​អ្នក​រាល់​គ្នា​ដែល​ច្រាន​ថ្ងៃ​អាក្រក់​ឲ្យ​ចេញ​ឆ្ងាយ ហើយ​នាំ​រាជ្យ​ដ៏​ឃោរ​ឃៅ​ឲ្យ​ចូល​មក​ជិត​អើយ!

4 វេទនា​ដល់​អស់​អ្នក​ដែល​ដេក​លើ​គ្រែ​ភ្លុក ហើយ​ទម្រេត​ខ្លួន​នៅ​លើ​កម្រាល ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ និង​កូន​គោ​ដែល​បង្ខាំង​ទុក

5 ជា​អ្នក​ដែល​ច្រៀង​ឡូឡា​តាម​សំឡេង​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សម្រាប់​ខ្លួនចង់​ធ្វើ​ដូច​ដាវីឌ

6 ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចាន​គោម ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ដ៏​វិសេស តែ​មិន​ព្រួយ​នឹង​ការ​វិនាស​របស់​យ៉ូសែប​ទេ។

7 ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។

8 ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។

9 ប្រសិន‌បើ​មាន​មនុស្ស​ដប់​នាក់​សល់​នៅ​ក្នុង​ផ្ទះ​មួយ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់

10 ហើយ​កាល​ណាសាច់​ញាតិ​របស់​ខ្លួន គឺ​អ្នក​ដែល​បូជា​សព ចូល​ទៅ​លើក​សាក​សព​នាំ​ចេញ​ពី​ផ្ទះ គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់ ក្នុង​ផ្ទះ​ថា «តើ​មាន​អ្នក​ណា​នៅ​ជា‌មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​ថា «គ្មាន​ទេ»។ ពេល​នោះ សាច់​ញាតិ​នោះ​នឹង​ពោល​ថា «កុំ​មាត់​អី!» យើង​មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទេ។

11 ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​ចេញ​រាជ​បញ្ជា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​បែក​បាក់​ខ្ទេច​ខ្ទី ហើយ​ផ្ទះ​តូច​ក៏​ត្រូវ​ខ្ទេច​ខ្ទី​អស់។

12 តើ​សេះ​បោល​នៅ​លើ​ផ្ទាំង​ថ្ម​ឬ? តើ​គេ​យក​គោ​ទៅ​ភ្ជួរ​សមុទ្រ​ឬ? តែ​អ្នក​រាល់​គ្នា​បាន​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ជាតិ​ពុល ហើយ​បង្វែរ​ផល​នៃ​សេចក្ដី​សុចរិត ឲ្យ​ទៅ​ជា​ស្លែង។

13 ម្នាល​អ្នក​រាល់​គ្នា​ដែល​រីក​រាយ​ក្នុង​ក្រុង​ឡូ​ដា​បា អ្នក​រាល់​គ្នា​ពោល​ថា "យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម តើ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​ឬ?"

14 ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​មួយ ងើប​មក​ទាស់​នឹង​អ្នក​រាល់​គ្នា គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ស្ទឹង​អារ៉ាបា។

© 2016 United Bible Societies

Bible Society in Cambodia