ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 3

ការ​ដាស់​តឿន​ឲ្យ​ទុក​ចិត្ត និង​គោរព​កោត​ខ្លាច​ព្រះ

1 កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ របស់​យើង​ទាំង​ប៉ុន្មាន

2 ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង

3 កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។

4 យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។

5 ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។

6 ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

7 កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​ការ​អាក្រក់​ទៅ ។

8 នោះ​នឹង​បាន​ជា​សេចក្ដី​សុខ​ស្រួល ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង។

9 ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ និង​ផល​ដំបូង​ពី​សេចក្ដី​ចម្រើន​របស់​ឯង ទាំង​អម្បាល‌ម៉ាន​ចុះ

10 យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។

11 កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស របស់​ព្រះ‌អង្គ​ដែរ។

12 ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។

ទ្រព្យសម្បត្តិ​ដ៏ពិត

13 សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់

14 ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។

15 ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ

16 មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។

17 អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។

18 ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។

ប្រាជ្ញា​របស់​ព្រះ​ក្នុង​ការ​បង្កើត

19 ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ

20 ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក

សេចក្ដីសុខដ៏ពិត

21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ

22 ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។

23 នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។

24 ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។

25 កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ

26 ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។

27 កាល​ណា​ឯង​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពី​ឯង​ឡើយ។

28 បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។

29 កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង ដោយ​សុខ​សាន្ត​នោះ​ឡើយ

30 បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ

31 កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ

32 ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។

33 បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។

34 ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។

35 មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

© 2016 United Bible Societies

Bible Society in Cambodia