1 នេះជាចម្រៀងមួយក្នុងចំណោមចម្រៀងទំនុករបស់ស្តេចសាឡូម៉ូន។ ការសន្ទនារវាងកូនក្រមុំនឹងមិត្តសម្លាញ់2 សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា ទំពាំងបាយជូរទៅទៀត 3 ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង 4 ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។ 5 ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន 6 សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ ដ្បិតខ្ញុំបានហាលថ្ងៃហើយ ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។ 7 ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ថា ទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់? តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វ របស់ពួកមិត្តភក្ដិ របស់ព្រះអង្គដូច្នេះ។ 8 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ មានតែចេញទៅតាមដានជើង របស់ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯង ក្បែរត្រសាលរបស់ពួកគង្វាលចុះ។ ពាក្យផ្ដោះផ្ដងរបស់កូនកំលោះ មិត្តសម្លាញ់ និងកូនក្រមុំ9 ឱមាសសម្លាញ់អើយ យើងបានប្រៀបឯងដូចជាសេះ ទឹមរាជរថរបស់ផារ៉ោន 10 ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ 11 យើងនឹងធ្វើខ្សែកមាសដាំដោយប្រាក់ឲ្យឯង។ 12 ៙ កំពុងដែលស្ដេចគង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូបទៅ 13 ស្ងួនសម្លាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅដើមទ្រូងរបស់ខ្ញុំ 14 ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា កញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ ស្រុកអេន-កេឌី។ 15 ៙ មើល៍ ឯងស្រស់បស់ល្អ មាសសម្លាញ់អើយ មើល៍ ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។ 16 មើល៍ ទ្រង់ក៏ល្អ ស្ងួនសម្លាញ់អើយ អើ ទ្រង់គួរស្រឡាញ់ណាស់ 17 ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ |
© 2016 United Bible Societies
Bible Society in Cambodia