ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


នាង​អេសធើរ 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
នាង​អេសធើរ 4

ព្រះ‌នាង​អេសធើរ​យល់​ព្រម​ជួយ​ពួក​សាសន៍​យូដា

1 កាល​ម៉ា‌ដេកាយ​បាន​ដឹង​ពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង លោក​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ និង​រោយ​ផេះ រួច​ចេញ​ទៅ​កណ្ដាល​ទី​ក្រុង ស្រែក​ឡើង​ដោយ​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់។

2 លោក​ក៏​ទៅ​រហូត​ដល់​មុខ​ទ្វារ​រាជ‌វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​រាជ‌វាំង ដោយ​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ។

3 នៅ​គ្រប់​អាណា​ខេត្ត កន្លែង​ណា​ដែល​រាជ‌ក្រឹត្យ និង​រាជ​បញ្ជា​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​មាន​សេចក្ដី​សៅ‌សោក​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ទាំង​មាន​ការ​តម​អាហារ យំ‌យែក ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​ស្លៀក​សំពត់​ធ្មៃ ហើយ​ដេក​នៅ​ក្នុង​ផេះ។

4 កាល​ពួក​ស្ត្រី​បម្រើ និង​ពួក​មហា‌តលិក​របស់​ព្រះ​នាង​អេសធើរ ចូល​មក​ទូល​ព្រះ‌នាង ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង។ ព្រះ‌នាង​ក៏​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ។

5 ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ហៅ​ហាថាក់ ជា​មហា‌តលិក​របស់​ស្តេច ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បម្រើ​ព្រះ‌នាង រួច​បញ្ជា​ឲ្យ​គាត់​ទៅ​ជួប​ម៉ា‌ដេកាយ ដើម្បី​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ និង​ពី​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ។

6 ហាថាក់​ក៏​ចេញ​ទៅ​ជួប​ម៉ា‌ដេកាយ​នៅ​ទី‌លាន​ក្រុង គឺ​ក្នុង​ទី​ធ្លា​ក្រុងខាង​មុខ​ទ្វារ​‌រាជ‌វាំង

7 ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន និង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​ហ្លួង ដើម្បី​បំផ្លាញ​ពួក​សាសន៍​យូដា។

8 ម៉ាដេកាយ​ក៏​ឲ្យ​សំណៅ​‌រាជ‌ក្រឹត្យ​មួយ​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន អំពី​ការ​បំផ្លាញសាសន៍​យូដា ឲ្យ​គាត់​នាំ​យក​ទៅ​បង្ហាញ​ព្រះ​នាង​អេសធើរ ហើយ​រៀប​រាប់​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ស្ដេច សុំ​ការ​ប្រណី​សន្ដោស ហើយ​ទូល​អង្វរ​ស្ដេច​សម្រាប់​សាសន៍​របស់​ព្រះ​នាង។

9 ហាថាក់​ក៏​វិល​ត្រឡប់​ទៅ​ទូល​ព្រះ​នាង​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ។

10 ពេល​នោះ ព្រះ​នាង​អេសធើរ​មាន​សវនីយ៍​ទៅ​កាន់​ហាថាក់ ហើយ​បង្គាប់​ឲ្យ​គាត់​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖

11 «អស់​ទាំង​រាជ​បម្រើ​របស់​ស្តេច និង​ប្រជា‌ជននៅ​តាម​អាណា​ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី ដែល​នឹង​ចូល​ទៅ​គាល់​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​មួយ​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់ លើក​លែង​តែ​អ្នក​ដែល​ស្ដេច​ហុច​ព្រះ​ដំបង​រាជ្យ​ដែល​ធ្វើ​ពី​មាស​ឲ្យ​ប៉ុណ្ណោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ​មក​ហើយ»។

12 គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​ព្រះ‌នាង​អេសធើរ។

13 ពេល​នោះ ម៉ា‌ដេកាយ​ក៏​ប្រាប់​គេ​ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​នាង​អេសធើរ​ថា៖ «កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​នៅ​ក្នុង​ដំណាក់​របស់​ស្ដេច នឹង​គេច​ផុត​លើស​ពី​សាសន៍​យូដា​ទាំង​អស់​នោះ​ឡើយ។

14 ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?»

15 ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ប្រាប់​គេ​ឲ្យ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖

16 «សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។

17 ម៉ា‌ដេកាយ​ក៏​ទៅ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែលព្រះ​នាង​អេសធើរ​បាន​បង្គាប់។

© 2016 United Bible Societies

Bible Society in Cambodia