ចូរសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គយាងមកជំនុំជម្រះ1 ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា! 2 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។ 3 ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ! 4 ដ្បិតព្រះយេហូវ៉ាប្រសើរឧត្តម ហើយគួរសរសើរក្រៃលែង ព្រះអង្គគួរជាទីស្ញែងខ្លាច លើសជាងអស់ទាំងព្រះ។ 5 ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។ 6 កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ ឥទ្ធិឫទ្ធិ និងសោភ័ណភាព នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។ 7 ចូរលើកតម្កើងព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃប្រជាជនទាំងឡាយអើយ ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា។ 8 ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ! 9 ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! 10 ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។ 11 ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ 12 ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ 13 នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia