ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 84 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 84

អំណរ​នៃ​ការ​ថ្វាយ​បង្គំនៅ​ក្នុង​ព្រះ​វិហារ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។

1 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ គួរ​ស្រឡាញ់​ណាស់​ហ្ន៎!

2 ព្រលឹង​ទូល‌បង្គំ​រឭក អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា ជា​ពន់​ពេក ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។

3 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។

4 មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ ក្នុងដំណាក់​របស់​ព្រះ‌អង្គ ទាំង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ –បង្អង់

5 ៙ មាន​ពរ​ហើយ អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ខ្លួន ជា​អ្នក​ដែលរៀប​ចំ​ចិត្ត ជា​ផ្លូវ​ទៅកាន់​ក្រុង​ស៊ីយ៉ូន។

6 កាល​គេ​ដើរ​កាត់ជ្រលង​បាកា គេ​ធ្វើ​ឲ្យ​ជ្រលង​នោះ ត្រឡប់​ទៅ​កន្លែង​មាន​ប្រភព​ទឹក ហើយ​ភ្លៀង​ដើម​រដូវ​ក៏​គ្រប​ដណ្ដប់​ដោយ​ពរ​ដែរ។

7 គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ -បង្អង់

9 ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេង​តាំង​ផង!

10 ៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។

11 ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

12 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ អ្នក​នោះ​មាន​ពរ​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia