ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 40

ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​ការ​រំដោះ​ឲ្យ​រួច និង​ពាក្យ​អធិស្ឋាន​សុំ​ជំនួយ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។

2 ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។

3 ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

4 មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ជា​ទីទុក​ចិត្ត ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង ទៅ​តាម​សេចក្ដី​ភូត‌ភរ។

5 ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។

6 ព្រះ‌អង្គ​មិនចង់​បាន​យញ្ញ‌បូជា និង​តង្វាយអ្វី​ទេ តែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់ ព្រះ‌អង្គ​មិនទាម​ទារ​តង្វាយ​ដុត និងតង្វាយ​លោះ​បាប​ឡើយ។

7 ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ

8 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។

9 ទូល‌បង្គំ​បានប្រកាស​ដំណឹង ដ៏​រីករាយ​អំពី​ការ​រំដោះ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​បាន​ទប់​មាត់​ឡើយ។

10 ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ឡើយ ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បំបិទ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ឡើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច។

12 ដ្បិត​មាន​សេចក្ដី​អាក្រក់​ច្រើន​ឥត​គណនា ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​តាម​ទូល‌បង្គំ​ទាន់​ហើយ ទូល‌បង្គំ​មើល​មិន​ឃើញ​ទេ អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់ លើ​ក្បាល​ទូល‌បង្គំ​ទៅ​ទៀត ហើយ​ចិត្ត​ទូល‌បង្គំ ក៏​លែង​មាន​សង្ឃឹម​ទៀត​ដែរ។

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​រំដោះ​ទូល‌បង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!

14 សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!

15 សូម​ឲ្យ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថា «ន៏ ន៏!» ឲ្យ​គេ​ត្រូវញាប់​ញ័រ ព្រោះ​តែភាពអាម៉ាស់របស់​គេ​ទៅ!

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ សូម​ឲ្យ​គេ​បាន​អរ​សប្បាយ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ បាន​ពោល​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម!»

17 រី​ឯ​ទូល‌បង្គំ ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ!

© 2016 United Bible Societies

Bible Society in Cambodia