ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 139 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 139

ព្រះ​ដែលទូល‌បង្គំ​មិន​អាច​គេច​ផុត​ពី​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​បាន
ទំនុក​របស់​ស្ដេច​ដាវីឌ ដែល​ទ្រង់​លើក​សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។

2 ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។

3 ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។

5 ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។

6 ការ​ជ្រាប​ច្បាស់​បែប​នេះ អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។

7 ៙ តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​បាន? តើ​ទូល‌បង្គំ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វត្តមាន​របស់​ព្រះ‌អង្គ​បាន?

8 ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!

9 ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

10 ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។

11 ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់»

12 នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។

13 ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

14 ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

15 កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។

16 ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

17 ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា!

18 ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។

19 ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ!

20 គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ!

21 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ?

22 ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។

23 ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។

24 សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

© 2016 United Bible Societies

Bible Society in Cambodia