ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 22 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 22

ស្តេច​យ៉ូសៀស​សោយ​រាជ្យ​លើ​ស្រុក​យូដា

1 កាល​ស្តេច​យ៉ូសៀស​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេឌី‌ដា ជា​កូន​របស់​លោក​អដា‌យ៉ា ជា​អ្នក​ស្រុក​បូស‌កាថ។

2 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ដើរ​តាម​មាគ៌ា​របស់​ទត ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។

មូស្ទី​រក​ឃើញ​គីតាប​តៅរ៉ត​ដែល​ជា​គីតាប​ហ៊ូកុំ

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសៀស គាត់​ចាត់​លោក​សាផាន​ជា​ស្មៀន​ស្តេច ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ដំណាក់​របស់អុលឡោះ‌តាអាឡា ដោយ​មាន​ប្រសាសន៍​ថា៖

4 «ចូរ​ទៅ​ជួប​មូស្ទី​ហ៊ីល‌គី‌យ៉ា សុំ​ឲ្យ​គាត់​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ជូន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជា‌ជន។

5 ចូរ​ឲ្យ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង​ដែល​ទទួល​ខុស​ត្រូវ​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួស‌ជុល​ដំណាក់

6 គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សម្រាប់​ទិញ​ឈើ ថ្ម​ដាប់ ដើម្បី​ជួស‌ជុល​ដំណាក់។

7 ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​ឲ្យ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។

8 ពេល​នោះ​មូស្ទី​ហ៊ីល‌គីយ៉ា មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន​ជា​ស្មៀន​ស្តេច​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គីតាប​ហ៊ូកុំ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា!»។ លោក​ហ៊ីល‌គី‌យ៉ា​ជូន​គីតាប​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។

9 បន្ទាប់​មក​លោក​សាផាន​ជា​ស្មៀន​ស្តេច ក៏​វិល​មក​ជួប​ស្តេច​វិញ ហើយ​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជំនូន​ដែល​ប្រមូល​នៅ​ក្នុង​ដំណាក់ ទៅ​ឲ្យ​ពួក​មេ​ជាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា​ហើយ»។

10 លោក​សាផាន​ជា​ស្មៀន​ស្តេច​ជម្រាប​ស្តេច​ទៀត​ថា៖ «អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា​បាន​ប្រគល់​គីតាប​មួយ​ក្បាល ឲ្យ​ខ្ញុំ» រួច​គាត់​ក៏​អាន​ជូន​ស្តេច​ស្តាប់។

ស្តេច​យ៉ូសៀស​សុំ​ឲ្យ​អ្នក​ថ្លែង​បន្ទូល​របស់​អុលឡោះ​ហ៊ូល‌ដា​ទូរអា​សួរ អុលឡោះ‌តាអាឡា

11 កាល​ស្តេច​ឮ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ក្នុង​គីតាប​ហ៊ូកុំ ស្តេច​ក៏​ហែក​អាវ។

12 បន្ទាប់​មក​ស្តេច​បញ្ជា​ទៅ​អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ស្តេច និង​លោក​អសា‌យ៉ា ជា​អ្នក​បម្រើ​ថា៖

13 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូរអា​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្តី​ទាំង​ប៉ុន្មាន​ក្នុង​គីតាប​ដែល​ទើប​រក​ឃើញ​នេះ​ផង។ អុលឡោះ‌តាអាឡា​មុខ​ជា​ខឹង​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូន‌តា​របស់​យើង មិន​បាន​ស្តាប់​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ទេ ហើយ​ក៏​មិន​ប្រតិ‌បត្តិ​តាម​ដែរ»។

14 អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា​នាំ​គ្នា​ទៅ​ជួប​ហ៊ូល‌ដា​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ​រក្សា​សម្លៀក‌បំពាក់​អ៊ីមុាំ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូ‌សាឡឹម។ កាល​អ្នក​បម្រើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ

15 នាង​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​ថា

16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​ដែល​ស្តេច​ស្រុក​យូដា​បាន​អាន។

17 ដោយ​ពួក​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!”

18 ប៉ុន្តែ ចូរ​ទៅ​ជម្រាប​ស្តេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្តាប់​ឮ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ហើយ។

19 ពេល​អ្នក​ឮ​សេចក្តី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្ត‌រាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្តាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​យើង ទាំង​ហែក​សម្លៀក‌បំពាក់ យំ​សោក ដូច្នេះ​យើង​ក៏​ស្តាប់​អ្នក​ដែរ​នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

20 ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ស្លាប់​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ អ្នក​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ជម្រាប​ស្តេច​វិញ។

© 2014 United Bible Societies, UK.

United Bible Societies