1 ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ 2 ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ 3 ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។ 4 រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ 5 បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ 6 ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ 7 អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ 8 រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក 9 ដ្បិតអុលឡោះមិនបានតំរូវឲ្យយើងទទួលទោសឡើយ គឺទ្រង់ឲ្យយើងទទួលការសង្គ្រោះ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង 10 បានស្លាប់សម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយគាត់ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។ 11 ដូច្នេះចូរលើកទឹកចិត្ដគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។ ពាក្យដាស់តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ12 បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាអ៊ីសាជាអម្ចាស់ និងអប់រំបងប្អូន។ 13 ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។ 14 បងប្អូនអើយ យើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្ដអត់ធ្មត់ ចំពោះមនុស្សទួទៅផង។ 15 ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។ 16 ចូរមានអំណរសប្បាយជានិច្ច 17 ចូរទូរអាឥតឈប់ឈរ 18 ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។ 19 កុំរារាំងសកម្មភាពរបស់រសអុលឡោះឡើយ 20 កុំមើលងាយការថ្លែងបន្ទូលរបស់អុលឡោះ 21 ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ 22 ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ 23 សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។ 24 អុលឡោះដែលបានត្រាស់ហៅបងប្អូនមក ទ្រង់ស្មោះត្រង់ ទ្រង់នឹងសម្រេចការនេះជាពុំខាន។ 25 បងប្អូនអើយ សូមទូរអាឲ្យយើងផង។ 26 សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។ 27 ខ្ញុំសូមអង្វរបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។ 28 សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ |
© 2014 United Bible Societies, UK.
United Bible Societies