ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 63 - អាល់គីតាប អាល់គីតាប
អេសាយ 63

ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស

1 - តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។

2 - ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អាវ​វែង​របស់ អ្នក​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់ របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?

3 - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កំទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។

4 យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។

5 យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​អំណាច​របស់​យើង ដើម្បី​ឈ្នះ ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

6 យើង​ជាន់​កំទេច​ជាតិ​សាសន៍​ទាំង‌ឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។

ការ​រំលឹក​ពី​ចិត្ត​អាណិត​មេត្តា​របស់​អុលឡោះ

7 ខ្ញុំ​សូម​រំលឹក​ពី​អំពើ​ដ៏​សប្បុរស​របស់អុលឡោះ‌តាអាឡា ខ្ញុំ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ទ្រង់​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កិច្ចការ​ដែល​ទ្រង់​បាន​សំដែង​ចំពោះ​ពួក​គេ ដោយ​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ និង​ចិត្ត​សប្បុរស​ពន់​ប្រមាណ។

8 ទ្រង់​មាន​បន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត! ទ្រង់​តែងតែ​សង្គ្រោះ​ពួក​គេ​ជា‌និច្ច

9 គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។

10 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ទ្រង់​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ ព្រួយ​ចិត្ត ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​រស​របស់​អុលឡោះ​នេះ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។

11 ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ទ្រង់​នឹក​ដល់ ជំនាន់​ម៉ូសា។ តើ​ទ្រង់​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ដែល​ប្រទាន​រស​ដ៏‌វិសុទ្ធ ឲ្យ​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?

12 ទ្រង់​នៅ​ខាង​ស្ដាំ​ម៉ូសា ហើយ​សំដែង​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។

13 ទ្រង់​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន គេ​មិន​ជំពប់​ដួល​ឡើយ។

14 រស​របស់អុលឡោះ‌តាអាឡា​នាំ​ពួក​គេ​ឆ្ពោះ ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​ទ្រង់​បែប​នេះ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ ថ្កុំ‌ថ្កើង​រុង‌រឿង។

15 សូម​ទ្រង់​មើល​ពី​លើ​មេឃ គឺ​ពី​ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ទ្រង់។ ឯ​ណា​ទៅ​ចិត្ត​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ទ្រង់! ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​យើង​ខ្ញុំ​ដូច្នេះ!

16 អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ពិត​ជា​បិតា​របស់​យើង​ខ្ញុំ។ អ៊ីព្រហ៊ីម​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ អ៊ីស្រ‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ទ្រង់​ថា​ជា​ម្ចាស់​ដែល​លោះ​យើង​ខ្ញុំ។

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ទ្រង់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច ទ្រង់​ដូច្នេះ? សូម​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ទ្រង់​ផង។

18 យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី‌សក្ការៈ របស់​ទ្រង់។

19 តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ ដែល​ទ្រង់​លែង​គ្រប់‌គ្រង ទ្រង់​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ត្រ របស់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies