ដំណឹងល្អស្ដីអំពីការសង្គ្រោះ1 រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព 2 ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ 3 គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។ 4 ពួកគេនឹងសង់ក្រុង ដែលបាក់បែកកាលពីមុននោះឡើងវិញ ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល ជាច្រើនជំនាន់នោះឡើងវិញ។ 5 សាសន៍ដទៃនឹងនាំគ្នាមក ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅរបស់គេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។ 6 ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា អ៊ីមុាំដែលបម្រើអុលឡោះតាអាឡា គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ម្ចាស់នៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។ 7 អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។ 8 អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ 9 ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ របស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែលអុលឡោះតាអាឡា បានប្រទានពរ។ 10 ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។ 11 ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា អុលឡោះតាអាឡាជាម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies