ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 6 - អាល់គីតាប អាល់គីតាប
អេសាយ 6

អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ណាពី​អេសាយ

1 នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ស្លាប់ ខ្ញុំ​បាន​ឃើញ​អុលឡោះ​ជា​អម្ចាស់​នៅ​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​អាវ​វែង​របស់​ទ្រង់​លាត​ពេញ​ក្នុង​ម៉ាស្ជិទ។

2 នៅ​ពី​លើ​ទ្រង់ មាន​ពពួក​ម៉ាឡា‌អ៊ីកាត់។ ម៉ាឡា‌អ៊ីកាត់​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។

3 ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់!»។

4 សំឡេង​របស់​ទ្រង់​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ម៉ាស្ជិទ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ដំណាក់។

5 ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ស្តេច ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។

6 ខណៈ​នោះ ម៉ាឡា‌អ៊ីកាត់​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង

7 រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់​អ្នក​ដូច្នេះ អុលឡោះ‌តាអាឡា​លើក‌លែង​ទោស​ឲ្យ​លោក ទ្រង់​ដក​បាប​ចេញ​ពី​លោក​ហើយ»។

8 បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ទ្រង់​ចាត់​ខ្ញុំ​ចុះ!»។

9 ទ្រង់​មាន​បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌រាស្រ្ដ​នេះ​ថា អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ។

10 ចូរ​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​មាន​ចិត្ត​រឹង‌រូស ចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮ កុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា!»។

11 ខ្ញុំ​សួរ​ថា៖ «អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ទ្រង់​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។

12 អុលឡោះ‌តាអាឡា​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។

13 ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏‌វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។

© 2014 United Bible Societies, UK.

United Bible Societies